ព័ត៌មានជាតិ

ស្ទើរភ្លើង! លួចម៉ូតូគេបានហើយជិះរត់អត់ស្គាល់ផ្លូវ ឈប់សួរចំប្រជាការពារមានអីជាប់ខ្នោះបានសម្រេច

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានប្រជាការពារធ្វើការឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋមួយគ្រឿងបានសម្រេច រួចជិះរត់តែអត់ស្គាល់ផ្លូវឈប់ម៉ូតូសួរប្រជាការពារ សង្ស័យឃាត់សួរទើបដឹងថាជាចោរ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី២៥ខែឧសភា ឆ្នាំ២០១៧ ចំណុចទួលអ្នកតាស្លែង ភូមិកំចាត់ព្រាយ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ ហ៊ីម រ៉ហ្វាត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិស្សិតឆ្នាំទី២ស្នាក់នៅភូមិទួលងោគ ឃុំកំពង់លួង ស្រុកពញាឭ ខេត្តកណ្តាល។ ចំណែកជនសង្ស័យមានឈ្មោះ ឯក ឡា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិស្រង់ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ដកហូតម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៤ ឡើងតែម២០១៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១ សន្លឹក របស់ឈ្មោះ ហ៊ីម រ៉ហ្វាតប័ណ្ណសម្គាល់យានយន្ត១ សន្លឹក ឈ្មោះ ហ៊ីម រ៉ហ្វាត ,កាតសិស្ស២ សន្លឹក ឈ្មោះ ហ៊ីម រ៉ហ្វាត ,បង្កាន់ដៃបញ្ជាក់ការចុះឈ្មោះបោះឆ្នោត ១ សន្លឹក ឈ្មោះ ហ៊ីម រ៉ហ្វាត-បង្កាន់ដៃទទួលប្រាក់២ សន្លឹក ឈ្មោះ ហ៊ីម រ៉ហ្វាត និងកាតសមាជិកcellcard១ សន្លឹក រួមនឹងកាបូបដៃ១ ។

មុនពេលកើតហេតុ កម្លាំងប្រជាការពារបានដើរទៅដាក់មងនៅចំណុចកើតហេតុ ពេលនោះក៏បានប្រទះឃើញមនុស្សប្រុសម្នាក់មានភិនភាគ ដូចខាងលើបានជិះម៉ូតូ មកសួរគាត់ថា៖ មានផ្លូវណាទៅថ្នល់ទទឹងអត់? ក្នុងពេលនោះ គាត់មានការសង្ស័យបានទូរសព្ទប្រាប់លោកមេភូមិឲ្យចុះមកកន្លែងកើតហេតុ បន្ទាប់មកជនសង្ស័យដឹង ក៏ជិះម៉ូតូគេចខ្លួនចូលក្នុងព្រៃ ប៉ុន្តែត្រូវកម្លាំងប្រជាការពារ ចាប់ឃាត់ខ្លួនប្រគល់មកប៉ុស្តិ៍នគរបាលភ្នំបាត ក្នុងពេលនោះបានធ្វើការឆែកឆេរខ្លួនជនសង្ស័យបានរកវត្ថុតាងខាងលើ ទើបឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាល ស្រុកពញាឮ ដើម្បីបន្តចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់