ភ្នំពេញៈ រង្វង់មូលដីក្រហម ចំណុចប្រសព្វផ្លូវជាតិលេខ២ ផ្លូវព្រែកជ្រៃ និងផ្លូវលេខ២០អា ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ឆាប់ៗខាងមុខនេះ នឹងត្រូវកែលម្អសារជាថ្មី ដើម្បីឲ្យមានសោភ័ណភាពស្រស់ស្អាត បន្ទាប់ពីមានការរិះគន់ និងចោទថា អាជ្ញាធរមិនយកចិត្តទុកដាក់។
អាជ្ញាធរបាននិយាយថា បើតាមគម្រោង វង្វង់មូលនេះ នឹងត្រូវសាងសង់ជារូបចម្លាក់អប្សារា បែរមុខ៤ទិស ចំផ្ចិតនៃរង្វង់មូល ធ្វើអំពីថ្មភ្នំ កម្ពស់ ៨,៣២០ម៉ែត្រ ទទឹង ២,៥០៥ម៉ែត្រ បញ្ឈរលើកម្រាលខឿន ឯផ្នែកខាងក្រោមដាំព័ទ្ធជុំវិញ ដោយដើមស្នាយ ផ្ទៃកម្រាលធ្វើពីថ្មក្រានីត និងតុបតែងលម្អដោយភ្លើងបំភ្លឺ LED។
ប្រជាពលរដ្ឋ មួយរយៈចុងក្រោយនេះ បានកោតសរសើរអាជ្ញាធរក្រុងភ្នំពេញថា បានយកចិត្តទុកដាក់ក្នុងការកែលម្អសោភ័ណភាពរាជធានីឲ្យស្រស់ស្អាត ប៉ុន្តែចំណុចខ្លះនៅតែអវិជ្ជមាន ជាក់ស្ដែងដូចជារង្វង់មូលចោមចៅ ជាដើម ដែលមានភាពរញ៉េរញ៉ៃ បង្កការកកស្ទះចរាចរណ៍ និងគ្មានសណ្ដាប់ធ្នាប់មិនលួសថ្ងៃ។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី២០ ខែឧសភានេះ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងមន្ត្រីជំនាញ បានបង្ហាញពីគម្រោងរៀបចំកែលម្អរង្វង់មូលដីក្រហមចំណុចប្រសព្វផ្លូវជាតិលេខ២ ផ្លូវលេខ២១៧ (ផ្លូវព្រែកជ្រៃ) និងផ្លូវលេខ២០អា ព្រំប្រទល់ខេត្តកណ្តាល ជាមួយរាជធានីភ្នំពេញ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ឲ្យដឹងថា សាលារាជធានីភ្នំពេញ នឹងពង្រីកផ្លូវនៅជុំរិញរង្វង់មូលឲ្យបានពី២២ ទៅ២៥ម៉ែត្រ ដោយចាក់បេតុង ដើម្បីសម្រួលចរាចរណ៍ដ៏មមាញឹកនៅចំណុចនេះ។
ចំណុចប្រសព្វរង្វង់មូលដីក្រហមផ្លូវជាតិលេខ២ និងផ្លូវព្រែកជ្រៃ គឺជាផ្លូវក្រវ៉ាត់ក្រុងដែលជួយបញ្ជៀសការកកស្ទះចរាចរណ៍នៅក្នុងក្រុង ជាពិសេសរថយន្តធុនធំ រថយន្តដឹកទំនិញទៅមករវាងរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តនានា តាមផ្លូវជាតិលេខ២ និងលេខ៣នា ប៉ែកខាងត្បូង និងខាងលិចរាជធានីភ្នំពេញ។ ការពង្រីកផ្លូវ និងកែលម្អរង្វង់មូលដីក្រហមនេះ ធ្វើឡើងស្របគ្នានឹងកំណាត់ផ្លូវជើងឯក ចាប់ពីស្ទឹងមានជ័យ ដល់មុខសាលាខណ្ឌដង្កោ ត្រូវបានស្ថាបនារួច នៅសល់តែការកែលម្អបន្តិចបន្ទួចតែប៉ុណ្ណោះ។
ផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែ ត្រូវបានសាលារាជធានីភ្នំពេញ ធ្វើការកែលម្អជាបន្តបន្ទាប់ ទាំងក្រវ៉ាត់ទី១ ក្រវ៉ាត់ទី២ ក្រវ៉ាត់ទី៣ ដូចជា ផ្លូវអូដឹម កប់ស្រូវ ផ្លូវជើងឯក ផ្លូវព្រៃស ផ្លូវលេខ២០១១ គោកឃ្លៀង ផ្លូវហាណូយ ផ្លូវវេងស្រេង (ចោមចៅ)ជាដើម៕
មតិយោបល់