ភ្នំពេញៈ តាមសមត្ថកិច្ច បានឲ្យដឹងថា មានហេតុការណ៍ដ៏គួរភ្ញាក់ផ្អើលទាំងយប់មួយ បានកើតឡើងខណៈដែលបុរសម្នាក់ សង្ស័យបែកថ្នាំរត់ឡើងលើដំបូលផ្ទះប្រជាពលរដ្ឋ ខណៈខូចចិត្តរឿងបែកគ្នា ជាមួយប្រពន្ធ ហើយស្រែករកប្រពន្ធ និងកូនឲ្យមកជួប ទើបព្រមចុះ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង ១០ នាទីយប់ឈានចូលថ្ងៃ ២៨ ខែ ឧសភា ឆ្នាំ ២០១៧ ត្រង់ចំណុចម្ដុំដីអិន សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពពីលោកអ៊ុំម្នាក់ ដែលជាម្ចាស់ផ្ទះ បាននិយាយថា បុរសសង្ស័យបែកថ្នាំខាងលើ មកធ្វើការសំណង់ផ្ទះគាត់៤ ថ្ងៃមកហើយ ហើយ២ថ្ងៃមុនអត់អីទេ តែថ្ងៃបន្ទាប់មកឃើញថាប្លែកទៅៗ។ នៅថ្ងៃកើតហេតុ កំពុងតែអង្គុយលេងជាមួយគាត់សុខៗ ក៏ស្រាប់តែឃើញអត់ស្រួល ដោយបុរសសង្ស័យបែកថ្នាំខាងលើ រត់ឡើងលើចុងដំបូលផ្ទះប្រជាពលរដ្ឋ ដោយស្រែកថា ខូចចិត្តរឿងលែងជាមួយប្រពន្ធ ហើយស្រែករកប្រពន្ធ និងកូនឲ្យមកជួប ទើបព្រមចុះវិញ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ដើម្បីធ្វើការអន្តរាគមន៍ ហៅប្រជាពលរដ្ឋឲ្យជួយឡើង ទៅចាប់បុរសសង្ស័យបែកថ្នាំខាងលើ តែគាត់នៅតែព្យាយាមរត់គេច មិនព្រមឲ្យគេចាប់ទ្បើយ។ ដោយសារកន្លែងនោះ ពិបាកក្នុងការអន្តរាគមន៍ ទើបសមត្ថកិច្ចក៏ចេញពីកន្លែងកើតហេតុវិញ ដោយទុកបុរសខាងលើនេះ ដេកនៅលើដំបូលផ្ទះតែម្ដងទៅ ៕
មតិយោបល់