ព័ត៌មានសេដ្ឋកិច្ច

ជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា ខិតជិតមកដល់ ជាពិសេសទេសចរអាពាហ៍ពិពាហ៍

កម្ពុជា និងឥណ្ឌា បានចុះហត្ថលេខារួចរាល់ហើយ លើគម្រោងហោះហើរត្រង់រវាងគ្នានេះ និងជម្រុញឲ្យចាប់ផ្តើមប្រតិបត្តិការជើងហោះហើរត្រង់ នៅឆ្នាំ ២០១៧នេះ ខណៈបច្ចុប្បន្នពុំទាន់មានក្រុមហ៊ុនណា ចាប់ផ្តើមប្រតិបត្តិការនៅឡើយទេ រង់ចាំការសិក្សាលើបច្ចេកទេសបន្ថែម។ នេះបើយោងតាមប្រសាសន៍របស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងកាលពីពេលថ្មីៗនេះ។

លោក Naveen Srivastrava ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា បានបន្តថា ក្រុមហ៊ុនឯកជន នៅពុំទាន់ហ៊ានទទួលយកគម្រោងនេះ​ទេ ដោយមិនទាន់ដឹងច្បាស់ពីចំណូល ហើយចំនួនអ្នកដំណើររវាងប្រទេសទាំងពីរ នៅមានកម្រិត។

យ៉ាងណាមិញ លោក Naveen ក៏បានជម្រុញឲ្យធនាគារដ៏ធំមួយរបស់ឥណ្ឌា ជួយគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីបម្រើដល់ការពង្រីកទីផ្សារទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ជាពិសេសឥណ្ឌាដោយផ្ទាល់។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា អនុស្សរណៈយោគយល់គ្នារវាងកម្ពុជា នឹងឥណ្ឌា សម្រាប់ជើងហោះហើរត្រង់ មានតំាងពីឆ្នាំ ២០០២ មកម្ល៉េះ ដែលផ្តល់ភាពងាយស្រួលក្រុមហ៊ុន ក្នុងការដាក់ពាក្យស្នើសុំប្រតិបត្តិការ ជើងហោះហើរនេះ។

លោក Naveen Srivastrava ក៏បានបន្ថែមថា ជើងហោះហើរត្រង់នេះ នឹងជម្រុញកំណើនទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយតួលេខនៃភ្ញៀវទេសចរណ៍ធ្វើដំណើរទៅមករវាងប្រទេសទាំងពីរ កំពុងកើនឡើងផងដែរ។

ជើងហោះហើរនេះ នឹងប្រតិបត្តិការរវាង ក្រុងភ្នំពេញ/សៀមរាប នឹង NewDelhi/ទីក្រុងមួយចំនួនទៀតនៃប្រទេសឥណ្ឌា ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប អាចជាគោលដៅចំបងមុនគេ ក្នុងការចាប់ផ្តើមប្រតិបត្តិការជើងហោះហើរនេះ ដោយសារភ្ញៀវទេសចរណ៍ឥណ្ឌាភាគច្រើន ចាប់អារម្មណ៍លើ ទេសចរណ៍អាពាហ៍ពិពាហ៍ សម្បត្តិវប្បធម៌របស់ប្រទេសកម្ពុជា។

តំបន់សៀមរាបអង្គរ ជាគោលដៅចម្បងសម្រាប់ទេសចរណ៍អាពាហ៍ពិពាហ៍​ ហើយភ្ញៀវទេសចរអាច តភ្ជាប់ទៅកាន់ខេត្តព្រះសីហនុ សម្រាប់រាត្រីក្រេបច័ន្ទទឹកឃ្មុំ។
គួរជម្រាបផងដែរថា ប្រទេសឥណ្ឌា ជាប្រទេសដ៏ធំមួយ មានប្រជាជនប្រមាណ ១៣០០លាននាក់ ដែលជាសក្តានុពលទេសចរណ៍ដ៏ធំមួយ ត្រូវបានព្យាករណ៍ថា នៅឆ្នាំ​ ២០២០ នឹងមានភ្ញៀវទេសចរឥណ្ឌាចេញក្រៅប្រមាណ ៥០លាននាក់៕

មតិយោបល់