កណ្តាលៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានអគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកគនិងកំណាត់មួយកន្លែង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមនិងសមត្ថកិច្ចចុះមកអន្តរាគមន៍។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទី រសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចឃ្លាំងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា មា្ចស់ឃ្លាំងខាងលើនេះ មានឈ្មោះ ឈឹម ស៊ីធិន ភេទ ប្រុស អាយុ៣២ឆ្នាំ មុខរបរធ្វើខ្នើយ ស្នាក់រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ ចំណែកឃ្លាំងដែលអគ្គិភ័យឆាបឆេះនេះ មានទំហំ៦ម៉ែត្រ គុណនឹង៩ម៉ែត្រ ធ្វើអំពីថ្មប្រក់សង្ក័សី។
ក្នុងនោះអគ្គិភ័យបានឆេះគអស់ចំនួន៣ បាវ ,ឆេះកំណាត់ចំនួន៣ បាវ និងសម្ភារៈក្នុងឃ្លាំងឆេះអស់មួយចំនួនតូច។
ជាក់ស្តែងក្នុងប្រតិបត្តិការបង្ក្រាបនេះដែរ សមត្ថកិច្ចបានអន្តរាគមន៍ចេញរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ដោយប្រើប្រាស់ទឹកអស់១រថយន្ត ស្មើនឹង១០ម៉ែត្រគូប បានរលត់ទៅវិញម៉ោង៣និង១៥នាទីរសៀលថ្ងៃដដែល ។
ក្នុងនោះដែរសមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី តែមិនបណ្តាលឲ្យនរណាម្នាក់ រងរបួស និងស្លាប់ដល់អាយុជីវិតនោះឡើយ៕
មតិយោបល់