ប្រទេសចិន នឹងចាប់ដាក់ឱ្យអនុវត្តច្បាប់សន្តិសុខតាមប្រព័ន្ធអិុនធើណែតចាប់ពីថ្ងៃព្រហស្បត្តិ៍ ខាងមុខ ដើម្បីប្រយុទ្ធប្រឆាំងការគម្រាមគំហែងពីក្រុមចោរព័ត៌មានវិទ្យា (Hacker) និងអំពើភេវរកម្មតាមប្រព័ន្ធអិុនធើណែតដែលកំពុងមានការកើនឡើងនៅក្នុងប្រទេស។ នេះបើយោងតាមការថ្លែងឱ្យដឹងពីទីភ្នាក់ងារព័ត៌មាន Xinhua របស់ចិន។
ច្បាប់ដ៏ចម្រូងចម្រាស់នេះ ត្រូវបានតាក់តែងឡើងដើម្បីរឹតបណ្តឹងការត្រួតពិនិត្យ និងស្តុកទុកទិន្នន័យរបស់ក្រុមហ៊ុននានាដែលកំពុងប្រតិបត្តិនៅក្នុងប្រទេស។
ច្បាប់ដែលបានឆ្លងសភាក្នុងខែវិច្ឆិកានេះ ហាមឃាត់ក្រុមហ៊ុនផ្តល់សេវាអនឡាញនានាមិនឱ្យប្រមូល និងលក់ព័ត៌មានបុគ្គលរបស់អ្នកប្រើប្រាស់ ហើយផ្តល់ឱ្យពួកគេនូវសិទ្ធិអាចលុបចោលព័ត៌មានរបស់ពួកគេ ក្នុងករណីមានការរំលោភបំពាន។
ចំពោះជនណាដែលប្រព្រឹត្តផ្ទុយ និងហ៊ានរំលោភមាត្រាផ្សេងៗរបស់ច្បាប់ថ្មីនេះ នឹងត្រូវប្រឈមការផាកពិន័យយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមប្រភពព័ត៌មានដដែលបានថ្លែងឱ្យដឹងនៅថ្ងៃចន្ទនេះ ដោយគ្មានការពន្យល់លម្អិត។
យោងតាមរបាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅខែនេះ បានឱ្យដឹងថា ក្រុមហ៊ុនអាជីវកម្មក្រៅស្រុក បានធ្វើការជំរុញឱ្យនិយ័តកររបស់រដ្ឋចិន ពន្យាពេលអនុវត្តិច្បាប់ថ្មីនេះ ដោយលើកហេតុផលថា វានឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សកម្មភាពផ្សេងៗរបស់ពួកគេ។
រហូតមកទល់ពេលនេះ ក្រុមហ៊ុនទិន្នន័យរបស់ចិន ពុំទាន់មានគម្រោងការពារទិន្នន័យដ៏សំខាន់ ដែលកំពុងត្រូវបានគ្រប់គ្រងជំនួសដោយច្បាប់ដែលបានតាក់តែងឡើងយ៉ាងធូររលង់នេះនៅឡើយទេ។
ទោះយ៉ាងណា មតិរិះគន់ពីបណ្តាក្រុមហ៊ុនក្រៅស្រុកថា ច្បាប់ថ្មីនេះ រៀបចំឡើងដើម្បីគម្រាមគំហែងដល់ក្រុមហ៊ុនបច្ចេកវិទ្យាបរទេសមិនឱ្យឈានជើងចូលក្នុងវិស័យផ្សេងៗដែលទីក្រុងប៉េកាំងចាត់ទុកថាសំខាន់ និងរាប់បញ្ចូលទាំងការទាមទារហួសហេតុសម្រាប់ការត្រួតពិនិត្យផ្នែកសន្តិសុខ និងការស្តុកទុកទិន្នន័យនៅលើម៉ាស៊ីនមេក្នុងប្រទេសចិន៕
ប្រភពព័ត៌មានៈ reuters
មតិយោបល់