ព័ត៌មានជាតិ

ស្លាប់ទៀតហើយមន្ទីរពេទ្យកាល់ម៉ែត! សម្រាលបុត្ររួចផុតពីគ្រោះថ្នាក់ បែរជាម្តាយស្លាប់ទៅវិញ

ភ្នំពេញៈ ស្ត្រីម្នាក់បានទៅសម្រាលបុត្រនៅមន្ទីរពេទ្យកាល់ម៉ែត្រ ប៉ុន្តែជាអកុសល្យ ខណៈពេលដែលសម្រាលបុត្របានសម្រេច ក៏ត្រូវបានស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីយប់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ស្រ្តីដែលបានស្លាប់មានឈ្មោះ សៀង ណាវី អាយុ៣៥ឆ្នាំ មានមុខរបរកាត់ដេរនៅផ្ទះ មានស្រុកកំណើតនៅខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅក្នុងរាជធានីភ្នំពេញ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ចំណែកបុរសជាប្តីមានឈ្មោះ ជុំ សាវុធ អាយុ៣៨ឆ្នាំ មានមុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅខេត្តព្រៃវែង បច្ចប្បន្នស្នាក់នៅរាជធានីភ្នំពេញ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយមានកូន២នាក់ ទី១ឈ្មោះ សុខ កញ្ជានា ភេទស្រី អាយុ១១ឆ្នាំ ជាកូនស្រីបងរៀនថ្នាក់ទី៥ នៅសាលាបឋមសិក្សាអនុវត្ត រាជធានីភ្នំពេញ។ ចំណែកកូនទី២មានឈ្មោះ វុធ សុរាណា ភេទស្រី ជាកូនស្រីពៅ មានអាយុ២ថ្ងែប៉ុណ្ណោះ ត្រូវម្តាយស្លាប់ចោល។

បើតាមការបញ្ជាក់ពីបុរសដែលត្រូវជាប្តីរបស់ស្រ្តីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះដែលត្រូវជាប្រពន្ធគាត់បានបែកទឹកភ្លោះតាំងពីស្រុកកំណើតមក ហើយគាត់ក៏បានដឹកបញ្ជូនមកមន្ទីពេទ្យកាល់ម៉ែត្រ គាត់បានបញ្ជូនប្រពន្ធរបស់គាត់មកដល់សម្រាកនៅមន្ទីពេទ្យកាល់ម៉ែត្រ តាំងពីថ្ងែទី៣០ ខែឧសភា ឆ្នាំ២០១៧។

ប្រភពដដែលបន្តទៀតថា ពេលដែលបញ្ជូនប្រពន្ធគាត់មកដល់មន្ទីរពេទ្យភ្លាម គាត់ក៏បានសួរគ្រូពេទ្យថា « តើប្រពន្ធរបស់គាត់អាចសម្រាលបានទេ រឺក៏ត្រូវការវះកាត់ដើម្បីងាយស្រួលជាង » គ្រូពេទ្យបានឆ្លើយថា « មិនអីទេ សម្រាលធម្មតាទៅ» ។ ហើយគាត់ក៏បានឲ្យប្រពន្ធរបស់គាត់សម្រាកមួយយប់ ដើម្បីត្រៀមខ្លួនសម្រាលបុត្រ លុះមកដល់វេលាម៉ោង១០និង៣០នាទីយប់ ថ្ងែទី៣១ ខែឧសភា ឆ្នាំ២០១៧ ប្រពន្ធរបស់គាត់សម្រាលកូនមិនចេញ ដោយសារតែគ្មានកម្លាំងសោះ ភ្លាមៗនោះ ក្រុមគ្រូពេទ្យបានប្រាប់គាត់ថា« សម្រាលមិនកើតទេ មានតែធ្វើការវះកាត់ទើបបាន » ហើយក៏រៀបចំធ្វើការវះកាត់ប្រពន្ធរបស់គាត់តែម្តង ខណៈពេលដែលធ្វើការវះកាត់នោះ គឺក្រុមគ្រូពេទ្យធ្វើការវះកាត់ដល់ទៅ២ម្តង រហូតដល់វេលាម៉ោង៣ទៀបភ្លឺ ថ្ងែទី១ ខែមិថុនា ឆ្នាំ២០១៧ ក៏មានក្រុមគ្រូពេទ្យ បានបីកូនរបស់គាត់មក ហើយនិយាយថា ប្រពន្ធរបស់គាត់បានវះកាត់កូនបានសម្រេចហើយ ប៉ុន្តែខណៈដែលធ្វើការវះកាត់ នោះ ប្រពន្ធរបស់គាត់បានបាត់បង់ឈាមច្រើនពេក ត្រូវការឈាមជាបន្ទាន់ ហើយក្រុមគ្រូពេទ្យក៏បានបញ្ជូនប្រពន្ធរបស់គាត់ទៅបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ ដើម្បីបញ្ចូលឈាមក្នុងការជួយសង្រ្គោះជីវិតប្រពន្ធគាត់។ ក្នុងការបញ្ចូលឈាមនេះ គឺក្រុមគ្រូពេទ្យបានធ្វើការបញ្ចូលដល់ទៅ២លើក ដោយលើកទី១បញ្ចូលឈាមហូរចុះហូរឡើង ចំណែកលើកទីពីរគឺបញ្ចូលលែងចូលតែម្តង ហើយក្នុងការបញ្ចូលឈាមនេះ គឺមានបងប្អូនប្រជាពលរដ្ឋពួកគាត់អាណិតអាសូរ បាននាំគ្នាមកផ្គល់ឈាមជូនប្រពន្ធរបស់គាត់យ៉ាងច្រើននាក់ ប៉ុន្តែជាអកុសល លុះដល់វេលាម៉ោង១២និង៣០នាទីយប់ ថ្ងែទី៣ ខែមិថុនា ឆ្នាំ២០១៧ ពួកគាត់នឹងក្រុមគ្រួសារសាច់ញាតិ ក៏ទទួលបានដំណឹងពីក្រុមគ្រូពេទ្យមកនិយាយប្រាប់ថា« ប្រពន្ធរបស់គាត់បានស្លាប់បាត់បង់ជីវិតទៅហើយ» ក្រុមគ្រូពេទ្យបានបន្ថែមទៀតថា «ពួកគាត់បានខំប្រឹងអស់ពីសមត្ថភាពហើយឲ្យពួកគាត់សុំទោសផង» ។

ក្នុងរឿងរ៉ាវខាងលើនេះ យើងសុំការបកស្រាយបញ្ជាក់ពីក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យកាល់ម៉ែត្រដែលពាក់ព័ន្ធនិងករណីលើកនេះផងដែរ។

បច្ចុប្បន្នសាកសពស្រ្តីរងគ្រោះខាងលើ ត្រូវបានក្រុមគ្រួសារសាច់ញាតិបញ្ជូនទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕

មតិយោបល់