ព័ត៌មានជាតិ

ស្លាប់ទៀតហើយ! ជិះម៉ូតូមកពីដើរលេងវិញបែរជាត្រូវរថយន្តដឹកទំនិញបុកស្លាប់!

ភ្នំពេញៈ យុវជនម្នាក់ក្នុងចំណោមគ្នា២នាក់ ត្រូវរថយន្តបុកពីក្រោយស្លាប់យ៉ាងអាណោចអធ័មភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីជិះម៉ូតូឌុបគ្នាត្រឡប់មកពីដើរលេងវិញ ចំណែកម្នាក់ទៀតរងរបួសស្រាល បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១១យប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤មុខវត្តកំបូល ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាកសពមានឈ្មោះ សុត រតនា ភេទប្រុស អាយុ២១ឆ្នាំ។ ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះ ខ្លូត សីហាប្រាថ្នា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងប្លាកទីន។ អ្នកទាំង២ស្នាក់នៅភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ជិះម៉ូតូម៉ាក Zoomer-X ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FP-3969។ ចំណែករថយន្តបង្កម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AA-9110។


យោងតាមប្រភពព័ត៌មានពីជនរងគ្រោះដែលរងរបួសស្រាលបានឲ្យដឹងថា មុនពេលកើតហេតុរូបគេទាំង២នាក់ជិះម៉ូតូឌុបគ្នាត្រឡប់មកពីដើរលេងនៅកោះពេជ្រគោលបំណងជិះទៅផ្ទះវិញនៅអង្គស្នួល ដោយរូបគេជាអ្នកឌុប។ ចំណែកម្នាក់ទៀតដែលស្លាប់គឺអង្គុយនៅពីក្រោយ។ ពេលដែលរូបគេជិះតាមបណ្តោយផ្លូវជាតិលេខ៤មកដល់មុខវត្តកំបូល មានរថយន្តដឹកទំនិញធុនធំមួយគ្រឿងបើកឆ្លងកាត់ផ្លូវ ឃើញដូច្នេះរូបគេក៏បន្ថយល្បឿនឲ្យរថយន្តដឹកទំនិញនោះឆ្លង ក៏ត្រូវរថយន្តបង្កបើកមកពីក្រោយបុកពេញទំហឹង បណ្តាលឲ្យខ្លួនខ្ទាតចេញទៅម្ខាងរងរបួសស្រាល ចំណែកមិត្តភក្តិដែលអង្គុយពីក្រោយ បានធ្លាក់នៅកណ្តាលថ្នល់ត្រូវរថយន្តកិនស្លាប់តែម្តង ហើយបន្ទាប់ពីបុកពួកគេរួចហើយនោះ រថយន្តបង្កមិនបានឈប់មើលទេ គឺបានបន្ថែមល្បឿនបើករត់គេចរហូតដល់ព្រំប្រទល់បែកចានអង្គស្នួលទើបឃាត់បាន។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែង និងបានយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់