ព័ត៌មានជាតិ

ទាហានកម្ម៉ុងដូរឆ័ត្រយោងអង្គភាព៩១១ម្នាក់ត្រូវរថយន្តបុកប៉ើងទាំងម៉ូតូនិងម្ចាស់ជាង១០ម៉ែត្រ ស្លាប់យ៉ាងរន្ធត់!

ភ្នំពេញៈ បុរសម្នាក់ ដែរជាទាហានកម្ម៉ង់ដូរឆ័ត្រយោងអង្គភាព៩១១ ត្រូវបានរថយន្តមួយគ្រឿងម៉ាកCRV បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា បានបុកម៉ូតូរបស់គាត់ពេញទំហឹង បណ្តាលឲ្យបោកក្បាល បាក់ក ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ចំណែករថយន្តបង្ក បានបើករត់ តែក្រោយកើតហេតុរយៈពេល១ម៉ោង ក៏ត្រូវកម្លាំងនគរបាលស្រុកអង្គស្នួល ឃាត់បានទាំងអ្នកបើកនិងរថយន្តតែម្តង។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិ៤ មុខក្លោងទ្វារវត្តអរុណវត្តី ស្ថិតក្នុងភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើបើមើលតាមអត្តសញ្ញាណប័ណ្ណមានឈ្មោះ ញ៉ឹម ចំរើន អាយុ២៧ឆ្នាំ មុខរបរយោធា ស្នាក់នៅក្នុងកងពល៩១១ មានស្រុកកំណើត ភូមិអូរស្លាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ជិះម៉ូតូម៉ាក Zoomer-X ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1GG-0499។

បើតាមសាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តបង្កម៉ាកCRV ពណ៌សំបកឪឡឹកមិនចាំស្លាកលេខ បើកតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ល្បឿនមួយយ៉ាងលឿន។ ចំណែកបុរសរងគ្រោះជិះម៉ូតូម៉ាក Zoomer-X ខាងលើទិសដៅបញ្ច្រាសទិសគ្នាពីកើតទៅលិចជិះកណ្តាលថ្នល់ បានបុកជាមួយរថយន្តចំពេញទំហឹង លាន់ដូចរន្ទះ ប៉ើងជនរងគ្រោះនិងម៉ូតូថយក្រោយជាង១០ម៉ែត្របណ្តាលឲ្យជនរងគ្រោះស្លាប់មួយរំពេច រីឯម៉ូតូខូចខាតមួយកំណាត់មុខ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងអ្នករួមការងារនៅបន្ទាយជាមួយគ្នាបានទៅដល់កន្លែងកើតហេតុ។ ហើយក្រោយពីសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបានទៅវាស់វែងធ្វើកំណត់ហេតុរួចហើយនោះ បានប្រគល់សពទៅខាងបន្ទាយ ដើម្បីរក្សាទុកនៅបន្ទាយសិន ដោយឡែកម៉ូតូខាងបន្ទាយ៩១១(អ្នករួមការងារ)បានសូមយកម៉ូតូយកទៅទៀត តែខុសនឹងការងាររបស់កងកម្លាំង ព្រោះសមត្ថកិច្ចត្រូវយកម៉ូតូនេះ ទៅរក្សាទុក រង់ចាំយកឯកសារគ្រប់គ្រាន់ពាកព័ន្ធនឹងម៉ូតូ ទើបប្រគល់ឲ្យវិញ តែបែរជាងខាងទាហានស្តីបន្ទោសឲ្យប៉ូលិសថាមិនចេះធ្វើការទេអី។

លុះក្រោយកើតហេតុជាង១ម៉ោងទើបមានសេចក្តីរាយការណ៍មកថារថយន្តបង្កនិងអ្នកបើកបរត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលឃាត់បានទើបទាក់ទៅខាងទាហានដឹកម៉ូតូមកវាស់វែងម្តងទៀតនៅកន្លែងកើតហេតុ និងយករថយន្តបង្កពីស្រុកអង្គស្នួលនិងម៉ូតូយកទៅរក្សាទុកនៅផ្នែកជំនាញការិយាល័យចរាចរណ៍ក្រុង ដើម្បីរក្សាទុករងចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់