ព័ត៌មានជាតិ

បង្ក្រាបករណីប៉ុនប៉ងផលិតកែច្នៃគ្រឿងញៀន ឃាត់ខ្លួនជនជនជាតិចិនតៃវ៉ាន់៧នាក់ និងដកហូតវត្ថុតាងជាង១៤តោន

ព្រះសីហនុ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អនុវត្តតាមបញ្ជាឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណ: នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០នាទី កម្លាំងជំនាញ (ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា លោកវរសេនីយ៍ឯក យឹម សែនឧត្ដម នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ (ក១០) សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចូលរួមដឹកនាំសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានស្រាវជ្រាវ និងបង្ក្រាបទីតាំងប៉ុនប៉ងផលិត ដោយខុសច្បាប់នូវសារធាតុញៀនចំនួន២ទីតាំង ។

-ទីតាំងទី១: នៅចំណុចឃ្លាំងលើ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
-ទីតាំងទី២: នៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

ជនសង្ស័យ៧នាក់៖ ១-ឈ្មោះ ZEN MING JIAN ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់, ២-ឈ្មោះ LING YAN HONG ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិនតៃវ៉ាន់, ៣-ឈ្មោះ CHAI YU ZHONG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់, ៤-ឈ្មោះ CHEN WEI YAO ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់, ៥-ឈ្មោះ CHEN DE YAN ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិនតៃវ៉ាន់ និងទី៦-ឈ្មោះ LI CHONG HUI ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់ និងទី៧-ឈ្មោះ TSAI CHENG WEN ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់ ។

សមត្ថកិច្ចបានដកហូតវត្ថុតាង៖ សារធាតុគីមី និងគីមីផ្សំចំនួន១៤តោន និង១៦០គីឡូក្រាម, ឧបករណ៍សម្ភារ:កែច្នៃផលិត រួមមានដូចខាងក្រោម: ១-ឆ្នាំងប្រតិកម្មចំនួន៥០គ្រឿង, ២-កែវប្រតិកម្មចំនួន ៧គ្រឿង, ៣-ម៉ាស៊ីនភ្លើងចំនួន ៣គ្រឿង, ៤-ជើងទម្រធុប្រតិកម្មចំនួន ៥៩គ្រឿង, ៥-កញ្រ្ចែងមួយចំនួន, ៦-ម៉ាស៊ីនប្រតិកម្មចំនួន ៥គ្រឿង, ៧-ធុងមួយចំនួន, ៨-ជីឡៅចំនួន ១០ជីឡៅ, ៩-ម៉ូទ័រក្រឡុកចំនួន ១គ្រឿង និង១០-សម្បកធុង ២៩៨សម្បក ។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់