ព័ត៌មានជាតិ

ពិធីបុណ្យបញ្ចុះខណ្ឌសីមា និងពុទ្ធាភិសេកសម្ពោធឆ្លងព្រះវិហារវត្តបាក់នឹម

កំពត: លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងពុទ្ធាភិសេកសម្ពោធឆ្លងព្រះវិហារវត្តបាក់នឹម ដែលស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្ដកំពត ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦។

លោកជំទាវបានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺតែងតែគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ខាងជំនឿ និង ការគោរពព្រះពុទ្ធសាសនា ដោយគ្មានការរើសអើង ហើយយល់ថា ទំនាក់ទំនងរវាងជំនឿសាសនា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិតជាមិនអាចកាត់ផ្ដាច់បានឡើយ។

ក្រោមនយោបាយឈ្នះ ឈ្នះ សម្តេចបានកសាង និងដឹកនាំប្រទេសឲ្យមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ ដោយជ្រកក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ជាពិសេសមានសុខុដុមនីយកម្មផ្នែកសាសនាទើបមានលេចចេញជាព្រះវិហារដ៏ស្រស់ស្អាត ក្រោមគំនិតផ្តួចផ្តើមរបស់ លោក នឹម ច័ន្ទតារា អ្នកតំណាងរាស្ត្រមណ្ឌលកំពតនិងលោកស្រី ហ៊ុន ស៊ីណាត។

លោកនិងលោកស្រី ជាពុទ្ធសាសនុបត្ថម្ភដ៏ថ្លៃថ្លាបានចំណាយថវិកាផ្ទាល់ខ្លួន និងបានកៀគរថវិកាដែលជាទឹកចិត្តសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនារបស់ លោក លោកស្រី ឧកញ៉ា លោកស្រី អ្នកនាងកញ្ញា និងពុទ្ធបរិស័ទ្ធចំណុះជើងវត្តទាំងក្នុង និងក្រៅប្រទេស ក្នុងការកសាងសមិទ្ធផលនានានៅក្នុងវត្តបាក់នឹមនាពេលនេះ។

ក្នុងឱកាសនោះផងដែរ លោកស្រី ឧបនាយករដ្ឋមន្ត្រី ក៏បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរថ្នាក់ដឹកនាំរាជរដ្ឋភិបាល ព្រឹទ្ធសភា រដ្ឋសភា ប្រជាពលរដ្ឋទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខចម្រើន អាយុយឺនយូរ ប្រកបកិច្ចការអ្វីសូមឲ្យបានដូចក្តីប្រាថ្នា និង ជួបពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕

photo_2016-05-21_13-10-58 (2) photo_2016-05-21_13-10-56 photo_2016-05-21_13-10-57 photo_2016-05-21_13-10-59 photo_2016-05-21_13-11-00 photo_2016-05-21_13-11-01 photo_2016-05-21_13-10-55 photo_2016-05-21_13-10-58

មតិយោបល់