តាកែវៈ ប្រជាពលរដ្ឋស្ទើរតែពេញស្រុកអង្គរបុរី ក្នុងខេត្តតាកែវ បានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងថា ទឹកនៅស្រុកអង្គរបុរី ថ្លៃដូចមាស។ នៅពេលឮពាក្យបែបនេះ នាយក្តាមប្រៃយើងក៏ឆ្ងល់ថា ហេតុអី បានជាទឹកថ្លៃដូចមាសអីញ្ចឹង? ពួកគាត់ក៏ខ្សឹបម្រាប់ថា ទឹកដែលថ្លៃនោះ មិនមែនទឹកមាសនោះទេ គឺទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ។
ពួកគាត់បានខ្សឹបប្រាប់នាយក្តាមប្រៃយើងថា នៅក្នុងស្រុកអង្គរបុរី ពិសេសក្នុងឃុំព្រែកទោល និងឃុំអង្គរបុរី តែម្តង ដែលប្រជាពលរដ្ឋប្រឈមនឹងបញ្ហាទឹកស្អាត ដោយសារតែសេវាទឹកមានតម្លៃថ្លៃពេក ខណៈដែលពួកគាត់ច្វះខាតនូវថវិកា។ ប្រជាពលរដ្ឋបានខ្សឹបប្រាប់ទៀតថា នៅឃុំទាំងពីរខាងលើនេះ ប្រជាពលរដ្ឋមិនមានទឹករដ្ឋប្រើប្រាស់នោះទេ គឺពួកគាត់ត្រូវប្រើទឹកឯកជន ដែលគេបូមពីប្រឡាយយកមកតបណ្តាញចែកចាយលក់ឲ្យអ្នកភូមិ។ អ្នកស្រុកបានខ្សឹបប្រាប់ទៀតថា ទឹកឯកជន ដែលគេបូមពីប្រឡាយដាក់តាមផ្ទះប្រជាពលរដ្ឋនោះ គេលក់ឲ្យក្នុង១ម៉ែត្រគូប តម្លៃ២២០០រៀលឯណោះ។ អ្នកភូមិបន្តថា តម្លៃនេះ វាថ្លៃពេកហើយ សម្រាប់អ្នកភូមិដែលមានចំណូលប្រចាំថ្ងៃបានតិចតួចនោះ។
អ្នកភូមិបានសូមឲ្យក្រុមហ៊ុនទឹកនោះ បញ្ចុះតម្លៃទឹកឲ្យបានសមរម្យផង កុំយកថ្លៃដូចសព្វថ្ងៃនេះអី ព្រោះពួកគាត់មានចំណូលមួយថ្ងៃ មិនគ្រប់បង់ថ្លៃទឹក១ម៉ែត្រគូបផងនោះ។ ប្រជាពលរដ្ឋក៏បានសូមណូមពរទៅដល់អាជ្ញាធរខេត្តស្រុក ជួយសម្រួលបញ្ហាទឹកដល់ពួកគាត់ទាំងពីរឃុំខាងលើនេះផង៕

មតិយោបល់