ព័ត៌មានជាតិ

Update: ជំងឺលោកយាយ ខាន់តៅ កាន់តែធ្ងន់ធ្ងរកំពុង សង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នុំពេញ: លោកយាយ ខាន់ តៅដែលមានជំងឺជរា ពិការនិងរបួសពេញខ្លួន ហើយត្រូវបានសប្បុរសជនជួយសង្រ្គោះយកគាត់មកព្យាបាលនៅមន្ទីរពេទ្យមកដល់ថ្ងៃទី២១ឧសភា២០១៦ ស្ថានភាពជំងឺគាត់ធ្ងន់ធ្ងរៗ និងកំពុងស្ថិតនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែត។

ក្រុមគ្រូពេទ្យសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែតបានប្រាប់ថា អ្នកជំងឺឈ្មោះខាន់ តៅ កំពុងនៅបន្ទប់សង្គ្រោះបន្ទាន់ ស្ថានភាពជំងឺគាត់ធ្ងន់ធ្ងរ (សសៃឈាមក្នុងខួរក្បាលអត់ដំណើការ) គៀបសសៃឈាម។

អ្នកមីងសាន់ផូ ដែលនៅមើលថែលោកយាយ ខាន់ តៅ បានឲ្យដឹងថា ម៉ែខ្ញុំគាត់ដឹងខ្លួនម្តងៗ។ គ្រូពេទ្យយកគាត់ទៅព្យាបាលនៅបន្ទប់កម្រិតធ្ងន់ សូម្បីអ្នកកំដរមើលថែគាត់ គឺមានពេលវេលាកំណត់ ពីព្រឹកម៉ោង៥ថ្ងៃត្រង់ម៉ោង១១ និងល្ងាចម៉ោង៤ ហើយត្រូវស្លៀកពាក់ឯកសណ្ថានពេទ្យទៀតផង។

អ្នកមីងបានឲ្យដឹងទៀតថា បើតាមគ្រូពេទ្យប្រាប់ជំងឺម្តាយគាត់ ទាមទារការពិនិត្យព្យាបាលច្រើនមុខណាស់ និងត្រូវការចំណាយលុយយ៉ាងច្រើនទៀតផង។គាត់មានបងប្អូន៣នាក់ ប្អូនប្រុសគាត់ពិការភ្នែកម្ខាង ពិការជើងម្ខាង ឯរូបគាត់ជាស្រីមេម៉ាយ និងប្អូនស្រីម្នាក់ទៀតមានប្តី តែមានជីវភាពក្រីក្រមិនមានលទ្ធភាពមើលជំងឺម្តាយទេ។ មីង សាន់ ផូបានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា ជំងឺម្តាយខ្ញុំ កុំតែបានសប្បុរសជនជួយម្លេះគ្មានបាននៅដល់ថ្ងៃនេះទេ។
អ្នកមីងបានបន្តថា សប្បុរសជនបានយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការចំណាយមើលជំងឺម្តាយគាត់ ក៏ប៉ុន្តែជំងឺម្តាយគាត់មិនឃើញមានការថមថយសោះ។

គួររំលឹកផងដែរថា លោកយាយ ខាន់ តៅ អាយុ៨៣ឆ្នាំមានជំងឺចាស់ជរា(ខ្វិន) រស់នៅក្នុងខ្ទមស្លឹកធ្លុះធ្លាយទំហំ២×៣ម៉ត្រ ជាមួយកូនប្រុសពិការភ្នែកម្ខាងជើងម្ខាងស្ថិតនៅក្នុងភូមិត្រពាំត្រយឹងឃុំចំបក់ ស្រុកបាទីខេត្តតាកែវ។ កាលពីថ្ងៃទី២៦មេសា២០១៦ លោកយាយជួបគ្រោះថ្នាក់ធ្លាក់ចូលព្រែកដោយសារជិះកង់ឲ្យកូនប្រុសពិការឌុបទៅស្តាប់ធម៌ ហើយបានដួលចូលព្រែកបណ្តាលឲ្យរបួសជាទំងន់។

ដោយឃើញភាពក្រីក្រ លំបាក ខ្វិន ពិការរបស់លោកយាយ ខាន់ តៅ ប្រឹងរស់ទាំងត្រដរនោះ បងប្អូនប្រជាពលរដ្ឋក្នុងភូមិ បានផ្តល់ដំណឹងដល់បណ្តាញសង្គមហ្វេបុកធ្វើការផ្សព្វផ្សាយ ក៏មានសប្បុរសជនមកមើល និងនាំនូវអំណោយផ្តល់ជូនលោកយាយ និងបាននាំយកលោកយាយ ខាន់ តៅ មកមន្ទឺរពេទ្យ ដើម្បីព្យាបាលជំងឺដែលបច្ចុប្បន្នកំពុងស្ថិតនៅបន្ទប់សង្រ្គោះបន្ទាន់មន្ទីរពេទ្យកាល់ម៉ែត្រ និងទាមទារឲ្យមានការព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត ទើបអាចសង្រ្គោះជីវិតលោកយាយបាន។ ដូច្នេះមានតែបងប្អូនសប្បុរសជនទេ ដែលរួមគ្នាជួយលោកយាយ ខាន់ តៅ បានជាសះស្បើយជំងឺឡើងវិញ។

គួរបញ្ជាក់ផងដែរ លោកយាយ ខាន់ តៅ បានបងប្អូនប្រជាពលរដ្ឋ និងកូនចៅជួយមើលជំងឺ តែមិនបានដិតដល់ទេ។ របួស លោកយាយកាន់តែធ្ងន់ទៅៗ ដែលត្រូវការជំនួយពីសប្បុរសជន៕

photo_2016-05-21_13-21-40 photo_2016-05-21_13-21-33 photo_2016-05-21_13-21-35 photo_2016-05-21_13-21-36 photo_2016-05-21_13-21-37 photo_2016-05-21_13-21-42 photo_2016-05-21_13-21-43 photo_2016-05-21_13-21-46 photo_2016-05-21_13-21-47

មតិយោបល់