ព័ត៌មានជាតិ

មិនធ្លាប់មាន! រឿងក្ដីជនជាតិបារាំងរំលោភផ្លូវភេទកុមារកម្ពុជា សវនាការជាង១០លើកហើយ នៅមិនទាន់ឃើញលទ្ធផល

កណ្តាល: ចាត់ទុកថាជារឿងមិនធ្លាប់មានមួយដែរ ដែលរឿងក្ដីបុរសជនជាតិបារាំងម្នាក់ជាប់ចោទពីបទ ” ទិញពេស្យាចារកុមារជាច្រើននាក់ ” បានអូសបន្លាយពេលជិត២ឆ្នាំហើយ ត្រូវបានតុលាការខេត្តកណ្ដាលបើកសវនាការជាបន្តបន្ទាប់សរុបជាង១០លើកទៅហើយ នៅពុំទាន់ឃើញលទ្ធផល ។

សាលាដំបូងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នេះ បានបន្តសវនាការរឿងក្ដីជនជាប់ចោទឈ្មោះ Bernard louis FranCois Scudeller អាយុ៥០ឆ្នាំ ដោយមានលោក ទី សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ងួន វុទ្ធី លោក គឹម ម៉េង ជាសមាជិក និងលោក ឯក ស៊ុនរស្មី ជាតំណាងអយ្យការ។

គួររំលឹកថា នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនជាតិបារាំងរូបនេះ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

ការឃាត់ខ្លូននេះបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ជនសង្ស័យបានប្រព្រឹត្តអំពើរំលោភបំពានផ្លូវភេទលើកុមារដោយការអូសទាញលួងលោមផ្តល់ ចំណីនិងឲ្យលុយបន្តិចបន្តួច។

មន្រ្តីនគរបាលបញ្ជាក់ថា ជនសង្ស័យប្រើវិធីអូសទាញលួងលោមផ្តល់ជាសម្ភារ:ថវិកា ដើម្បីបានរួមភេទហើយមានកុមារចំនួន១៥នាក់ បានដាក់ពាក្យបណ្តឹង៕

មតិយោបល់