ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងជោកជាំ ជិះម៉ូតូរ៉េចង្កូតពេញទាំងផ្លូវ ទៅបុកនារីម្នាក់ឲ្យរងរបួសធ្ងន់

ភ្នំពេញ: បើតាមសមត្ថកិច្ច បាននិយាយថា បុរសវ័យចំណាស់ម្នាក់ បានជិះម៉ូតូ១ គ្រឿង ក្នុងល្បឿនយ៉ាងលឿន ដោយមានស្ថានភាពស្រវឹងស្រាជោកជាំ បានរ៉េចង្កូតម៉ូតូទៅបុកខឿនផ្លូវ បណ្តាលឲ្យម៉ូតូហោះផ្លោងទៅបុកនារីម្នាក់ នៅលើចិញ្ចើមផ្លូវពេញទំហឹង ដួលបោកក្បាលរងរបួសធ្ងន់ ។

ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង ៨ និង២០នាទីយប់ ថ្ងែទី១៧ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយមហាវីថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។​

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ គេបានឃើញបុរសវ័យចំណាស់ម្នាក់ ស្រវឹងស្រាជោកជាំ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BO- 2450 ធ្វើដំណើរតែម្នាក់ឯង តាមបណ្តោយមហាវីថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ហើយក៏បានរ៉េចង្កូតម៉ូតូពេញទាំងផ្លូវ ធ្វើឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវខាងលើយ៉ាងខ្លាំង លុះមកដល់កន្លែងកើតហេតុ ម្តុំរោងចក្រឆេះ ស្រាប់តែបុរសចំណាស់ខាងលើ បានរ៉េចង្កូតម៉ូតូទៅបុកខឿនផ្លូវ បណ្តាលឲ្យម៉ូតូហោះផ្លោងទៅបុកនារីម្នាក់ ជាអ្នកលក់សំលៀកបំពាក់ នៅលើចិញ្ចើមផ្លូវពេញទំហឹង ធ្វើឲ្យនារីនោះ ដួលបោកក្បាល រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកបញ្ចុនទៅមន្ទីពេទ្យភ្លាមៗ។ ចំណែកបុរសខាងលើ បានព្យាយាមរត់គេចខ្លួនទាំងស្រវឹងជោគខ្លួន ប៉ុន្តែត្រូវប្រជាពលរដ្ឋនៅកន្លែងកើតហេតុចាប់ខ្លួនជាប់ ។​

ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ជំនាញ ខណ្ឌសែនសុខ បានចុះមកធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់