ព័ត៌មានអន្តរជាតិ

Update៖ បាត់ខ្លួនមនុស្ស ៥៨​នាក់ ខណៈប៉ូលិសសន្និដ្ឋានថា អាចនឹងស្លាប់ ក្នុងករណីឆេះអគារទីក្រុងឡុងដ៍

អង់គ្លេស: តាមប៉ូលិសបាននិយាយថា សរុបមនុស្សចំនួន ៥៨ នាក់ ដែលអាចនឹងបាត់បង់ជីវិត ឬបាត់ខ្លួន បន្ទាប់ពីមានហេតុការណ៍ភ្លើងឆេះបំផ្លិចបំផ្លាញអគារ Grenfell Tower នៅភាគខាងលិចទីក្រុងឡុងដ៍ ។ នេះបើយោងតាមរយ: សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧។

មេបញ្ជាការប៉ូលិស លោក Stuart Cundy បានឲ្យដឹងថា ចំនួនតួលេខនៃជនរងគ្រោះខាងលើ អាចនឹងច្រើនជាងនេះ ខណ:ដែលរបាយការណ៍ BBC បានបង្ហាញថា អាចនឹងមានសរុបប្រហែល ៧០ នាក់ឯណ្ណោះ។

លោកបានបន្ថែមថា ប្រតិបត្ដិការរុករកនៅអគារ ដែលត្រូវអគ្គីភ័យឆាបឆេះនោះ នឹងត្រូវចំណាយពេល ជាច្រើនសប្តាហ៍។

ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្ត្រីលោកស្រី Theresa May បានថ្លែងថា នឹងផ្ដល់ជំនួយគាំទ្រដល់ក្រុមគ្រួសាររងគ្រោះ ទាំងនោះផងដែរ។

សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីលោកស្រី បានជួបជាមួយអ្នកស្ម័គ្រចិត្ត និងប្រជាជនដែលគ្មានផ្ទះសម្បែង ដោយសារអគ្គីភ័យនោះ។

សូមជំរាបដែរថា ករណីឆេះអគារ Grenfell កម្ពស់ ២៤ជាន់នេះ គឺមានអ្នកស្លាប់ ១៧ នាក់ និងជនរងគ្រោះ ៧៨ នាក់ បានសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ក្នុងនោះ ១៨ នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕

មតិយោបល់