ព័ត៌មានជាតិ

ឡិចស៊ីសពន្លះសង់ការ៉េ ម្ខាងបាក់ដៃ ម្ខាងបើករត់គេច

កំពត: រថយន្តឡិចស៊ីសដែលគេសង្ស័យថាអ្នកបើកជាមន្ត្រីរាជការក្នុងខេត្ត បានពន្លះគ្នាជាមួយម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសបាក់ដៃរបួសធ្ងន់ ហើយរថយន្តបែរជាបើកគេចពុំដោះស្រាយ។

ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៦ល្ងាច ថ្ងៃ១៩ ខែមិថុនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៣ ចំណុចខាងជើងស្ពានស្រះអាប៉ោងប្រហែល២០ម៉ែត្រ ក្នុងភូមិបឹងតារោម ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ។

លោកអនុសេនីយ៍ឯក ឈុន ឈឿន នាយផ្នែកសេនាធិការស្រុក បានឲ្យដឹងថា ម៉ូតូម៉ាក សេ១០០ កូរ៉េ គ្មានស្លាកលេខ ជិះដោយឈ្មោះ ណុប ឃីន ភេទប្រុសអាយុ៣៥ឆ្នាំ ស្នាក់នៅភូមិវត្ដពោធិ ឃុំថ្មី ស្រុកទឹកឈូ រងរបួសធ្ងន់ បាក់ដៃឆ្វេងម្ខាង ។ ចំណែករថយន្តម៉ាកឡិចស៊ីស ពណ៌ឆ្លូញ មិនស្គាល់អត្តសញ្ញាណ បានបើករត់គេចខ្លួនសំដៅទៅក្រុងកំពតបាត់ ដោយបន្សល់ទុក ជនរងគ្រោះនៅដេកកណ្តាលផ្លូវ ។
ភ្លាមៗជនរងគ្រោះត្រូវបាននគរបាលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ដោយឡែករថយន្តត្រូវបានសមត្ថកិច្ចតាមប្រម៉ាញ់គ្រប់ច្រកល្ហក ដើម្បីរកម្ចាស់ឲ្យចូលខ្លួនដោះស្រាយ៕

មតិយោបល់