ព័ត៌មានជាតិ

Update៖ រថយន្តក្រុងធ្លាក់ជ្រោះបូកគោ របួសធ្ងន់ស្រាល២៧នាក់

កំពតៈ រថយន្តក្រុងទេសចរណ៍ដឹកអ្នកដំណើរ ទៅកម្សាន្តលើកំពូលភ្នំបូកគោ បានជួបគ្រោះថ្នាក់ដាច់ហ្វ្រាំង គ្រាដែលត្រលប់ចុះមកវិញ បណ្តាលឲ្យមនុស្ស២៧នាក់ រងរបួសធ្ងន់និងស្រាល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ប្រមាណ ៤ រសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចបង្គោលម៉ែត្រគីឡូលេខ១០ ផ្លូវគិរីតេជោ ឡើងភ្នំបូកគោ ស្ថិតក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ។

លោកអនុសេនីយ៍ឯក ឈុន ឈឿន នាយផ្នែកសេនាធិការស្រុកទឹកឈូ បានឲ្យដឹងថា មនុស្សដែលរងរបួសសរុបមាន២៧ នាក់ ក្នុងនោះមាន មាន៧នាក់ រងរបួសធ្ងន់។ ចំណែករថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ក្រហម លាយស ពាក់ស្លាកលេខ ភ្នំពេញ3B.2423 ចំណុះ៤៥កៅអី ខូចខាតកំរិតធ្ងន់ បើកបរដោយឈ្មោះ សោម សឿន អាយុ៥០ ឆ្នាំ ទីលំនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

បើតាមការរៀបរាប់របស់ព្រូឡាន បានឲ្យដឹងថា រថយន្តទេសចរណ៍របស់លោក បានធ្វើដំណើរពីទីក្រុងភ្នំពេញទៅលេងលើកំពូលភ្នំបូកគោ ពេលចុះមកវិញជិតដល់ក្រោមទៅហើយ បែរជារថយន្តដាច់ហ្វ្រាំង ហើយចំផ្លូវកោងទើបបណ្ដាលទៅធ្លាក់ក្នុងជ្រោះខាងឆ្វេងដៃ ជំរៅប្រហែល១០ម៉ែត្រ ៕

មតិយោបល់