ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន!

ភ្នំពេញ: អាវុធហត្ថខណ្ឌមានជ័យសហការនិងអាវុធហត្ថខណ្ឌខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យជួញដូរនិងប្រើប្រាស់ថ្នាំញៀន៣នាក់និងដកហូតថ្នាំញៀន៤កញ្ចប់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុច ផ្លូវសឡារ(៣៧១) ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។

កម្លាំងអាវុធហត្ថខណ្ឌមានជ័យដឹកនាំដោយលោក វរសេនីយ៍ត្រី ណុល សុធា អាវុធហត្ថខណ្ឌដូនពេញ សហការជាមួយកម្លាំងជំនាញការរិយាល័យបទល្មើសគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ទី១ឈ្មោះ ម៉ឺន នោ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ទី២ឈ្មោះ មិន ពិសិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបបើកឡានធំ ទីលំនៅ សង្កាត់ចតុមុខខណ្ឌដូនពេញ។ ដកហូតបានម៉ូតូ០២គ្រឿង ១ម៉ូតូសង់ប៊ិក ពណ៌ខ្មៅ ស្លាកលេខ PP 1PH9610 និង២ម៉ូតូMiO ស្លាកលេខ PP 1V4260។

ក្រោយពីបានសួរនាំ នៅវេលាម៉ោង៩យប់ថ្ងៃដដែលកម្លាំង យើងបានបន្តទៅ ដល់បន្ទប់ជួល ក្រុម២ ភូមិមានជ័យ ខណ្ឌ មានជ័យរាជធានីភ្នំពេញ ហើយឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ឈ្មោះ ឃុន សុធា ហៅអាម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ និងដកហូតបាន វត្ថុតាងរួមមាន ម្សៅក្រាមពណ៌ស៤កញ្ចប់ ជញ្ជីងថ្លឹងថ្នាំ១។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់