ព័ត៌មានជាតិ

ឃាត់ខ្លួនស្ត្រីម៉ាស្សាម្នាក់ ករណីលួចលុយភ្ញៀវទេសចរក្នុងផ្ទះសំណាក់ ហ៊ាសៀភីងគន់

សៀមរាបៈ ស្ត្រីម៉ាស្សាម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចលុយភ្ញៀវបរទេសចំនួន២៨០០អឺរ៉ូ ស្មើនិង៣២២០ដុល្លារ ខណៈភ្ញៀវកំពុងដេកលក់។

ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅផ្ទះសំណាក់ ហ៊ាសៀភីងគន់ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភាព រី ហៅអាណែត ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរម៉ាស្សា ពាក់ព័ន្ធនឹងករណីអំពើលួចលុយ ភ្ញៀវបរទេសចំនួន ២៨០០អឺរ៉ូ ស្មើនិង៣២២០ដុល្លារ នៅផ្ទះសំណាក់ ហ៊ាសៀភីងគន់ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោងប្រហែល ៦ព្រឹកថ្ងៃទី១៦ ខែកញ្ញា ២០១៨។

ជនរងគ្រោះRechichi Raffaele ភេទប្រុស ជនជាតិអ៊ីតាលី ជាភ្ញៀវទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់ ហ៊ាសៀភីងគន់។

បច្ចុប្បន្នជនសង្ស័យត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបសម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់