ព័ត៌មានជាតិ

ឃាត់ខ្លួនមេល្បែងស្ទូចប្រេងកូឡាម្នាក់ នៅតាមបណ្តោយផ្លូវរថភ្លើង

ភ្នំពេញ: មេល្បែងស្ទូចប្រេងកូឡាម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវ ចុះបង្ក្រាបជាក់ស្តែងនៅតាមបណ្តោយផ្លូវរថភ្លើង កាលពីវេលាម៉ោង ១ រសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះគ្មានលេខ តាមបណ្តោយផ្លូវរថភ្លើង ក្រុមទី១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ កៅ និស្ស័យ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ នៅផ្ទះ មេល្បែងស៊ីសង ស្នាក់នៅផ្ទះកើតហេតុខាងលើ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅក្នុងប្រតិបត្តិការខាងលើនេះ គឺមានការសម្របសម្រួលពីលោក វង្ស ប៉ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ហើយកម្លាំងសមត្ថកិច្ចយើងបានបើកការស្រាវជ្រាវ រហូតឈានដល់ការចុះបង្ក្រាបទីតាំងលេងល្បែងស៊ី ស្ទូចប្រេងកូឡា ដោយនៅក្នុងកិច្ចប្រតិបត្តិការនេះ គឺសមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យម្នាក់ ព្រមទាំងដកហូតគម្រប់ប្រេងកូឡាចំនួន ២៤ មានចាប់ពីលេខ១ ដល់លេខ២៤ មានពណ៌ក្រហម និងពណ៌ខៀវ ,កម្រាលមានលេខ១ ដល់លេខ១២ ចំនួនផ្ទាំង,ថុងជ័រចំនួន១,កៅអីជ័រចំនួន ៣ និងទឹកប្រាក់មួយចំនួន។ ក្រោយមក សមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់