ព័ត៌មានជាតិ

មេចោរប្លន់២នាក់ ដែលនគរបាលខេត្តកំពតបង្ក្រាបបាន រៀបរាប់ពីសកម្មភាពប្លន់ទាំង៩លើក

កំពត ៖ មេចោរប្លន់ប្រដាប់អាវុធ២នាក់ដែលត្រូវបានកម្លាំងនគរបាលខេត្តកំពតនាថ្ងៃទី៦ខែមេសាឆ្នាំ២០១៦ ក្រោមការដឹកនាំ បញ្ជាផ្ទាល់ ពីលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្ត បង្ក្រាប និងចាប់ខ្លួនពីថ្ងៃម្សិលមិញនោះ បានរៀបរាប់ពីសកម្មភាពប្លន់ទាំង៩ករណី នាពេលកន្លងទៅ នៅតាមមូលដ្ឋាន ដោយទទួលបានទ្រព្យសម្បត្តិ ជាលុយកាក់ និងគ្រឿងអលង្ការយ៉ាងច្រើន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានសារភាពថា សកម្មភាពប្លន់ទាំង៩ករណីដែលពួកគេធ្វើសកម្មភាពរួមមានទី១ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ប្លន់នៅភូមិក្រាំងស្បូវ ឃុំក្រាំងស្បូវ ស្រុកឈូក ដោយយកលុយជាង១លាន និងគ្រឿងអលង្ការមួយចំនួន។ ទី២ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ប្លន់នៅភូមិតំដាក់ត្រយឹង ឃុំសំរោងលើ ស្រុកបន្ទាយមាស យកអស់ម៉ូតូមួយគ្រឿង។ ទី៣ថ្ងៃទី១០ខែកុម្ភះ ឆ្នាំ២០១៦ ប្លន់នៅភូមិទួល ឃុំល្បឿក ស្រុកឈូក យកអស់ម៉ូតូមួយគ្រឿង លុយជាង១០ម៉ឺនរៀល និងទូរស័ព្ទ២គ្រឿង។ ទី៤ នៅថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៦ នៅភូមិតូច ឃុំក្រាំងស្ទាយ យកអស់គ្រឿងអលង្ការមួយចំនួន។ ទី៥ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ ប្លន់នៅភូមិអង្គរជាតិ ឃុំចំប៉ី ស្រុកអង្គរជ័យ យកអស់គ្រឿងអលង្ការមួយចំនួនទៀត។ ទី៦ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ ប្លន់នៅភូមិក្រាំងលាវ ឃុំមានរិទ្ធ ស្រុកដងទង់ យកអស់គ្រឿងអលង្ការមួយចំនួន។ ទី៧ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ប្លន់នៅភូមិបរក្នុង ឃុំអង្គរមាស ស្រុកដងទង់ យកអស់ម៉ូតូមួយគ្រឿង និងគ្រឿងអលង្ការមួយចំនួន។ ទី៨ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ប្លន់នៅភូមិតានាន់ ឃុំក្រាំងស្នាយ ស្រុកឈូក យកអស់គ្រឿងអលង្ការមួយចំនួន និងទី៩ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ប្លន់នៅភូមិដាន់គោមខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក យកអស់គ្រឿងអលង្ការមួយចំនួន។ 
មន្រ្តីនគរបាលខេត្តកំពត បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់រួមមានទី១ឈ្មោះ មួង រ៉េត អាយុ៥៣ឆ្នាំង និងទី២ឈ្មោះ អ៊ុក មឿន អាយុ៤០ឆ្នាំ។
លោកស្នងការ បានបញ្ជាក់ថា ក្រោយការចាប់ខ្លួន កម្លាំងនគរបាលរបស់លោក បាននាំខ្លួនជនសង្ស័យទាំង២នាក់ យកទៅឲ្យជនរងគ្រោះចង្អុលមុខ នៅន្លែងដែលពួកគេធ្វើសកម្មភាពនាពេលកន្លងទៅ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ស្ថិតក្រោមការសួរនាំ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តទៀត៕

   
    
 

មតិយោបល់