កំពង់ធំៈ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ រួមទាំងអភិបាលស្រុកជុំវិញខេត្ត និងប្រធានអនុប្រធានមន្ទីរ បានចូលរួមជូនដំណើរកងកម្លាំងចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានត្រៀមចល័តអន្តរាគមន៍តាមបទបញ្ជាថ្នាក់លើ ដើម្បីការពារជាតិមាតុភូមិ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ស៊ិន ស៊ីណាត តំណាងអគ្គនាយកដ្ឋានភស្ដុភា និងហិរញ្ញវត្ថុ និងលោកឧត្តមសេនីយ៍ទោ មាស ស៊ុម មេបញ្ចាការរងយុទ្ធភូមិភាគទី៤ ប្រចាំទិសកំពង់ធំ ។
ពិធីជូនដំណើរកងទ័ពត្រៀមចល័តនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២១០៦ ដែលមានកម្លាំងតំបន់ប្រត្តិបត្តិការសឹករងកំពង់ធំ ចំនួន២២០នាក់ ត្រូវបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ដូចជា អង្រឹងចំនួន២២០ តង់១០ វិទ្យុទាក់ទង២៥គ្រឿង ព្រមទាំងថវិកាមួយចំនួន។
លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ចាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង និងនាយទាហានដែលបានចូលរួមយកចិត្តទុកដាក់ ព្រមឧបត្ថម្ភដល់កងកម្លាំងតំបន់ប្រតិបត្តិការសឹងរងកំពង់ធំ ធ្វើឲ្យមានភាពកក់ក្ដៅ ជឿរជាក់យ៉ាងមុតមាំ ចំពោះរាជរដ្ឋាភិបាល ដែលបានជួយឧបត្ថម្ភទាន់ពេលវេលាដល់កម្លាំងដែលត្រៀមចល័ត ដែលកំពុងខ្វះខាតនៅពេលខាងមុខ និងសូមប្តេជ្ញាចិត្តការពារជាតិ សាសនា ព្រះមហាក្សត្រ។
លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានផ្តាំផ្ញើថា ថ្វីត្បិតតែប្រទេសយើងគ្មានសង្រ្គាមក៏ដោយ ក៏យើងត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដើម្បីការពារជាតិមាតុភូមិ តំបន់សមរភូមិ ដែលត្រូវបានប្រឈមមុខនូវការលំបាកខ្លះក៏ដោយ ក៏យើងប្ដេជ្ញារួមគ្នាដោះស្រាយឲ្យបានល្អប្រសើរឡើងវិញ និងសុំឲ្យអាជ្ញាធរមូលដ្ឋាន មានការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារកងទ័ពឲ្យបានខ្ពស់ ដោយជួយឧបត្ថម្ភជាផ្ទះ ជាជម្រកស្នាក់នៅ និងសម្ភារផ្សេងៗក្នុងការរស់នៅ ព្រោះក្រុមគ្រួសារទាំងនេះ មិនអាចទៅរស់នៅជាមួយស្វាមីនៅតំបន់សមរភូមិបានឡើយ៕
មតិយោបល់