ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ម្ចាស់ស្ថានីយប្រេង គំរាមដកចៅសង្កាត់ និងមេប៉ុស្តិ៍ ព្រោះរារាំងមិនឲ្យសង់តូបលក់

កំពង់ធំៈ ក្រុមអជីវករ និងអាជ្ញាធរ ក្តៅក្រហាយចំពោះម្ចាស់ស្ថានីយប្រេងឯកជនមាត់ស្ទឹងសែន ផ្សារចាស់ ដែលបានសាង់រំលោភយកដីចំណីស្ទឹង យកធ្វើជាកម្មសិទ្ធិ ហើយដេញអ្នកលក់ និងអ្នករត់ម៉ូតូឌុប ដែលមានមុខរបររកព្រឹកខ្វះល្ងាច គ្រាដែលពួកគេប្រកបមុខរបរជាង១០ឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះ នៅពេលអាជ្ញាធរភូមិឃុំចុះទៅសួរនាំពាក់ព័ន្ឋនឹងលិខិតអនុញ្ញាតសាងសង់ បែរជាម្ចាស់ស្ថានីយប្រេងនេះ បានគំរាមដកតំណែងចៅសង្កាត់កំពង់ក្របៅ និងមេប៉ុស្តិ៍ ហើយបានបញ្ជាឲ្យទៅសុំចៅហ្វាយខេត្តកំពង់ធំ សិន បានអាចឲ្យមើលច្បាប់បាន។

អាជ្ញាធរកំពង់ក្របៅ បានឲ្យដឹងថា ស្ថានីយប្រេងឥន្ថនៈតេលាខាងលើ បានសាងសង់នៅដីចំណីស្ទឹង ស្ថិតនៅក្នុងភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ធ្វើឲ្យក្រុមអជីវករ អាជ្ញាធរឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កំពង់ក្របៅ កំពុងតែពាក់មុខយក្សដាក់គ្នាយ៉ាងតឹងសរសៃក ដោយម្ចាស់ស្ថានីយប្រេងឥន្ថនៈតេលា ត្រូវជាកូនរបស់លោកឧកញ៉ា ចាន់ ឌឿន។ ដោយយោងតាមឯកសារមួយច្បាប់ជំនាន់លោក ណាំ ទុំ អភិបាលខេត្តចាស់ ដែលបានឯកភាពលើសំណើសុំសាងសង់ស្ថានីយប្រេងតេលា បណ្តោះអាសន្ន ដែលមានទំហំ១០ម៉ែត្រ គុណ២០ម៉ែត្រ តែពុំមែនជាប្លង់ដី ឬប្លង់កម្មសិទ្ធិនោះទេ ពោក គឺជាកម្មសិទ្ធិដីរបស់រដ្ឋ តែក្រុមហ៊ុនប្រេង ត្រូវសាងសង់កែលម្អសោភ័ណភាពមាត់ស្ទឹង ប្រវែង២៣០ម៉ែត្រ ដោយក្រាលការ៉ូឡា ធ្វើជណ្តើរចំនួន២ សម្រាប់ចំណតកាណូត តែរយៈពេលជាង១០ឆ្នាំមកនេះ ក្រុមហ៊ុនពុំទាន់បានសាងសង់អ្វីបន្តិចឡើយ ថែមទាំងយកលិខិតវិនិយោគនេះ មកដេញអជីវករ ហើយសាងសង់តូបលក់ទៅវិញ។

ក្រោយពីមានហេតុការណ៍ឡើងសរសៃកដាក់គ្នាមក មន្ត្រីបរិស្ថានក្រុង ព្រមជាមួយមន្ត្រីរៀបចំដែនដីក្រុង និងខេត្ត ចូលរួមពិនិត្យ និងធ្វើកំណត់ហេតុ ក្រុមអជីវករលក់ខោអាវជជុះ បានបញ្ជាក់ថា គាត់បានលក់នៅទីនេះជាច្រើនឆ្នាំមកហើយ តែឥឡូវម្ចាស់ស្ថានីយសាំងថា បើបងប្អូនណាចង់លក់ត្រូវកក់លុយ១០០ដុល្លារអាមេរិក ហើយបង់ប្រចាំខែ ក្នុង១ខែ២០ម៉ឺនរៀល បើអ្នកណាមិនព្រម គឺមិនអនុញ្ញាតឲ្យលក់ទៀតទេ។

អ្នកស្រី ចាន់ សុវណ្ណគិរី ម្ចាស់ស្ថានីយ៍ប្រេងឥន្ថនៈតេលា បានប្រាប់ថា ខាងក្រុមហ៊ុនមានកិច្ចសន្យាសាងសង់ស្ថានីយ៍ និងមានសិទ្ធិសាងសង់សំណង់មាត់ច្រាំងស្ទឹងសែន ប្រវែង២៣០ម៉ែត្រ នៅសងខាងស្ថានីយ៍ ដើម្បីឲ្យសោភ័ណភាពស្អាត ហើយបើបងប្អូនចង់លក់នៅលើការ៉ូឡានេះ ទាល់តែបង់លុយឲ្យគាត់ដែរ។

មន្ត្រីសាលាខេត្តកំពង់ធំ បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកឧកញ៉ា ចាន់ ឌឿន មិនបានគោរពទៅតាមកិច្ចសន្យាទាំងស្រុងនោះទេ ចាប់តាំងពីកកើតស្ថានីយប្រេងជាង១០ឆ្នាំមកហើយ ជណ្តើរដែលត្រូវធ្វើចុះក្នុងស្ទឹងសែន សម្រាប់ឲ្យទូកកាណូតចូលមកសំចតចាក់ប្រេងក៏មិនធ្វើ ហើយច្រាំងស្ទឹងដែលថា ២៣០ម៉ែត្រនោះ ក៏មិនទាន់ធ្វើដែរ រហូតមកដល់ពេលនេះទុកឲ្យបរិស្ថានទីនេះអាប់អួរ ហើយបាត់បង់អស់នូវសោភ័ណភាពស្ទឹងសែនទៀតផង៕

photo_2016-05-23_19-41-00 photo_2016-05-23_19-41-04 photo_2016-05-23_19-41-06 photo_2016-05-23_19-41-18 photo_2016-05-23_19-41-20 photo_2016-05-23_19-41-22

មតិយោបល់