កណ្ដាលៈ បុរសជនជាតិថៃម្នាក់ ត្រូវបាននគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៧ ខែមិថុនានេះ បញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីសាកសួរករណីបង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យសិក្ខាកាមសាលាបណ្ឌិត្យសភាម្នាក់របួសបាក់ជើង។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមចំណាត់ការរបស់លោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨យប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ទិសដៅភ្នំពេញ អ្នកលឿង ក្នុងភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះជាអ្នកដើរឆ្លងកាត់ផ្លូវមានឈ្មោះ ផាត ចាន់ទ្រី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅខេត្តស្ទឹងត្រែងមុខរបរ នគរបាល បច្ចុប្បន្នជាសិស្សរៀននៅសាលាបណ្ឌិត្យសភានគរបាលជាតិកម្ពុជា (រងរបួសបាក់ជើងខាងស្តាំ)។ រថយន្តបង្កម៉ាកCOROLA ពណ៌សំបកឪឡឹក ពាក់ស្លាក់លេខកំពង់ចាម 2A-1940 បើកបរដោយឈ្មោះនី កន ភេទប្រុសអាយុ៥០ឆ្នាំ (ជនជាតិថៃ) ស្នាក់នៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នៅមុនពេលកើតហេតុខាងលើ ភាគីខាងរថយន្តបើកបរក្នុងទិសដៅពីកើតមកលិចអ្នកលឿង ភ្នំពេញ ពេលបើកមកដល់ចំណុចកើតហេតុក៏បានប៉ះជនរងគ្រោះដែលដើរឆ្លងផ្លូវពីត្បូងទៅជើង ក្នុងស្ថានភាពមេឃកំពុងភ្លៀងហើយយប់ងងឹតផងជនរងគ្រោះមើលមិនឃើញភ្លើងរថយន្តក៏ឈប់នៅចំកណ្ដាលផ្លូវ ស្របពេលរថយន្តបង្កបើកមកដល់គេចមិនផុតក៏ប៉ះលើជនរងគ្រោះនៅផ្នែកចំហៀងខាងឆ្វេង(ចំកញ្ចក់ចំហៀងខាងឆ្វេង)បណ្ដាលឲ្យដួលបោកលើរថយន្តហើយធ្លាក់ចុះមកថ្នល់ បាក់ជើងខាងស្ដាំ។ ក្រោយពេលកើតហេតុត្រូវបានមិត្តភក្ដិដឹកយកទៅមន្ទីរពេទ្យភ្នំពេញ។ ចំណែកឯមិត្តភក្ដិរបស់ជនរងគ្រោះផ្សេងទៀតបានឃាត់រថយន្តនិងអ្នកបើកបរមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលដីឥដ្ឋ។
ចំពោះករណីខាងលើនេះបណ្ដាលមកពីជនរងគ្រោះធ្វេសប្រហែសក្នុងការឆ្លងផ្លូវ ពេលយប់មិនមានវត្ថុបំភ្លឺផ្លូវ ចំណែកឯរថយន្តបើកបរមិនបានមើលស្ថានភាពខាងមុខបណ្ដាលឲ្យអ្នកដទៃមានគ្រោះថ្នាក់។
ក្រោយទទូលបានព័ត៌មាន កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ដើម្បីបន្តនីតិវីធីនាំយកអ្នកបើកបរព្រមទាំងយកមធ្យោបាយមកកាន់អធិការដ្ឋាន និងសុំគោលការឃាត់ខ្លួនអ្នកបើកបរថយន្តបង្កបណ្តោះអាសន្ន៕
មតិយោបល់