ព័ត៌មានជាតិ

ឆេះផ្ទះមន្ត្រីចូលនិវត្តន៍ ផ្អើលដល់សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យចុះមកបាញ់ពន្លត់

ភ្នំពេញ: សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះសម្ភារ:នៅក្នុងផ្ទះបន្ទប់ជាន់ទី២បង្កឲ្យមានផ្សែងខ្មួលខ្មាញ់ និងមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេលវេលា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្នុងបន្ទប់ជាន់ទី២ដីឡូតិ៍លេខ៥២៣ ផ្លូវលេខ៤១៩កា ក្រុម២ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីសមត្ថកិច្ចឲ្យដឹងថា ម្ចាស់ផ្ទះខាងលើមានឈ្មោះ ឌុក សារ៉ាត់ ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរជាមន្ត្រីចូលនិវត្តន៍។

មុនពេលកើតហេតុ គេឃើញមានផ្សែងខ្មៅហុយចេញពីក្នុងបន្ទប់ផ្ទះខាងលើខ្មួលខ្មាញ់ហើយអ្នកឃើញហេតុការណ៍បានស្រែកប្រាប់ម្ចាស់ផ្ទះដែលនៅខាងក្រោមថាមានភ្លើងឆេះផ្ទះ ពេលនោះម្ចាស់ផ្ទះរួមនឹងប្រពន្ធរបស់គាត់ បានរត់ចេញមកខាងក្រៅភ័យស្លន់ស្លោរនិងបានស្រែកឲ្យគេជួយហើយក៏ប្រជាពលរដ្ឋនៅក្បែនោះបានរាយការណ៍ទៅសមត្ថកិច្ចនិងជួយហៅរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌសែនសុខចេញមកជួយបាញ់ទឹកពន្លត់ទាន់ពេលមិនឲ្យឆេះធំដុំអ្វីនោះទេ ហើយក៏ពុំមានអ្នកណាម្នាក់រងរបួសដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចបានប្រាប់ថា ករណីអគ្គិភ័យឆាបឆេះនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆាបឆេះសម្ភារ:ក្មេងលេងមួយចំនួនសម្លៀកបំពាក់ ពួក និងកង់កូនក្មេងចំនួន១ គ្រឿង។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្នុងការជួអន្តរាគមន៍បាញ់ទឹកពន្លត់នោះគឺរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌបានចេញមកចំនួន៣គ្រឿងប៉ុន្តែប្រើប្រាស់ទឹកអស់ចំនួន២គ្រឿងទើបអាចពន្លត់និងគ្រប់គ្រងស្ថានការនេះបាន៕

មតិយោបល់