ព័ត៌មានជាតិ

បង្ក្រាបទីតាំងជួញដូរគ្រឿងញៀនក្នុងខុនដូរ សុខ ជា ឃាត់ខ្លួននារីខារ៉ាអូខេនិងបុគ្គលិកក្នុងក្លឹបរ៉កម្នាក់ ដកហូតគ្រឿងញៀនជាច្រើនគ្រាប់និងកាំភ្លើង១ដើម!

ភ្នំពេញ: កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដោយមានការអនុញ្ញាតពីសំណាក់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនមួយកន្លែង ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន២នាក់ ដកហូតបានថ្នាំញៀនជាច្រើនគ្រាប់ និងជាច្រើនប្រភេទរួមទាំងកាំភ្លើង១ដើមផងដែរ។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៦និង២០នាទី ល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខខុនដូយីហោ សុខ ជា ផ្ទះលេខ៤៦ ផ្លូវលេខ១៦៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនបានខាងលើនេះ ទី១ឈ្មោះ ងួន ហេម៉ាល័យ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបម្រើខារ៉ាអូខេ ស្នាក់នៅកន្លែងកើតហេតុ និងជនសង្ស័យទី២ឈ្មោះ នី សុខលាភ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បម្រើការងារក្លឹបរ៉ក ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១កូនកញ្ចប់ធំ។ ភ្លាមៗនោះសមត្ថកិច្ចបានធ្វើការសាកសួរបឋម លុះវេលាម៉ោង៦និង៤០នាទី ដោយមានការឯកភាពពីលោក សៀង សុខ ព្រះរាជអាជ្ញារង បានសម្រេចឲ្យសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន បានបន្តសហការជាមួយ នគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី១ និងមានការចូលរួមពីអ្នកមើលការខុសត្រូវ ខុនដូ ដោយនាំជនសង្ស័យទាំង២នាក់ខាងលើ មកចង្អុលបន្ទប់លេខ៥៦ ជាន់ទី៥ក្នុងខុនដូយីហោ សុខ ជា ផ្លវលេខ១៦៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចម្ការមន បានចូលឆែកឆេររកឃើញវត្ថុតាងបន្ថែមទៀតរួមមាន៖ ក្រាមពណ៌ថ្លាសង្ស័យគ្រឿងញៀនចំនួន១២កញ្ចប់តូច, ម្សៅម៉ដ្ឋ ពណ៌ស (ខេ) ចំនួន៤កញ្ចប់តូច ,ថ្នាំគ្រាប់(គ្រវី) ចំនួន៣គ្រាប់,ជញ្ជីងចំនួន១គ្រឿង ,អាវុធខ្លីម៉ាក Walther ចំនួន១ដើម និងគ្រាប់ចំនួន៥គ្រាប់ និងសម្ភារ:មួយចំនួនទៀត ។

បច្ចុប្បន្នបន្ទប់ខុនដូរខាងលើ ត្រូវបានលោកព្រះរាជអាជ្ញារងសម្រេចឲ្យក្រុមប្រតិបត្តិការបិទទ្វារ បន្ទប់បណ្តោះអាសន្ន ឲ្យនគរបាលប៉ុស្តិ៍គ្រប់គ្រង និងនាំខ្លួនជនសង្ស័យ និងវត្ថុតាងមកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរតាមនិតីវិធីច្បាប់បន្តទៀត៕

មតិយោបល់