ព័ត៌មានជាតិ

រដ្ឋមន្រ្តីបរិស្ថានគ្រោងនឹងធ្វើច្បាប់ ឱ្យមានចិញ្ចឹមសត្វព្រៃនៅតាមផ្ទះនិងកសិដ្ឋាន

ភ្នំពេញៈ ក្រសួងបរិស្ថានគ្រោងនឹងធ្វើច្បាប់មួយ អាចអនុញ្ញាតិឱ្យពលរដ្ឋ ចិញ្ចឹមសត្វព្រៃនៅតាមផ្ទះ និងកសិដ្ឋាន ដើម្បីកាត់បន្ថយការបរបាញ់សត្វក្នុងព្រៃ និងការកាប់បំផ្លាញព្រៃឈើ។

ថ្លែងនៅក្នុងទិវាសត្វព្រៃ នាពេលកន្លងទៅនេះ លោក សាយ សំអាល់ លើកឡើងថា “ច្បាប់ដែលគ្រោងនឹងធ្វើនេះមានឈ្មោះថា «ក្រមបរិស្ថាន» ច្បាប់នេះដែរ ក៏នឹងធ្វើឱ្យចេញនៅក្នុងអាណត្តិលោកធ្វើជារដ្ឋមន្រ្តី ព្រោះច្បាប់នេះធានាការពារធនធានធម្មជាតិ សិទ្ធមនុស្ស សិទ្ធរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងឧស្យានជាតិ និងដែនជំរកសត្វព្រៃ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា ច្បាប់នេះនឹងកែទំលាប់របស់ពលរដ្ឋ ពីការបរបាញ់សត្វក្នុងព្រៃ បែរមកជាការចិញ្ចឹមសត្វក្នុងព្រៃនៅតាមផ្ទះ និងតាមកសិដ្ឋានវិញម្តង ដើម្បីផ្គត់ផ្គង់តម្រូវការចំណីអាហាររបស់មនុស្ស ពិសេសអ្នកនិយមសាច់បរិភោគសត្វព្រៃ “ បើថាមនុស្សគេត្រូវការហើយ គួរតែនាំគ្នាចិញ្ចឹម នៅតាមផ្ទះ ឬកសិដ្ឋានអញ្ចឹងទៅ ដើម្បីរក្សាបានសត្វនៅក្នុងព្រៃ”។

លោករដ្ឋមន្រ្តីបានពន្យល់ថា នៅតាមតំបន់មួយចំនួនសត្វព្រៃបានក្លាយជាសត្វស្រុករបស់អ្នកភូមិទៅហើយ ដូចជា ជ្រូកព្រៃ ទន្សាយ អណ្តើក ជាដើម។ បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបានអនុញ្ញាតឱ្យមានការចិញ្ចឹមសត្វព្រៃមួយកន្លែងនៅក្នុងខេត្តព្រះវិហារ ដោយព័ទ្ធរបងទំហំដីជាង១០ហិកតា ដើម្បីកុំឱ្យគាត់ចូលទៅក្នុងព្រៃកាប់ឈើ និងបរបាញ់សត្វព្រៃតទៅទៀត នេះជាជម្រើសមួយរបស់យើងក្នុងការជួយពួកគាត់ឱ្យមានមុខរបរ។

នាយកអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិកម្ពុជា លោក ទុយ សិរីវឌ្ឍនា យល់ថា គំនិតនៃការផ្លាស់ប្តូរទំលាប់ពលរដ្ឋពីការបរបាញ់សត្វព្រៃ មកចិញ្ចឹមសត្វព្រៃក្នុងកសិដ្ឋានគឺជារឿងល្អ។ ប៉ុន្តែលោកមានការព្រួយបារម្ភថា ការអនុវត្តមិនបានត្រឹមត្រូវ វានឹងធ្វើឱ្យកសិដ្ឋានក្លាយជាកន្លៃងបំផ្លាញសត្វព្រៃទៅវិញ អាចយកសត្វព្រៃមកស្តុកទុកក្នុងកសិដ្ឋាន រួចហើយនាំចេញយកទៅលក់វិញស្របច្បាប់ “វាជាកត្តាមួយគំរាមដល់អាយុជីវិតសត្វព្រៃដែរ ប្រសិនបើកការចិញ្ចឹមសត្វព្រៃនៅក្នុងកសិដ្ឋានទាំងអស់នោះមិនមានតម្លាភាព គេអាចចាប់សត្វពីក្នុងព្រៃមកដាក់ ក្នុងកសិដ្ឋាន បន្ទាប់មកគេអាចធ្វើអាជីវកម្មសត្វព្រៃទាំងនោះដោយស្របច្បាប់ ហើយអស់ទៅគេអាចទៅចាប់យកមកទៀត”៕

photo_2016-05-24_15-15-20 photo_2016-05-24_15-15-19

មតិយោបល់