ព័ត៌មានជាតិ

ត្រឹមតែមួយប៉ប្រិចភ្នែកសោះ មិនគួរ!.. ក្មេងស្រីម្នាក់ បានត្រឹមតែអង្គុយសម្លឹងមើលសពម្តាយ

កំពង់ចាមៈ លោកអធិការរងស្រុកបាធាយទទួលបន្ទុកផ្នែកចរាចរណ៍បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីស្ត្រីម្នាក់ជិះម៉ូតូឌុបកូនស្រី មិនដឹងយ៉ាងម៉េចស្រាប់តែជ្រុលចង្កូតទៅបុកបង្គោលផ្លូវពេញទំហឹង បណ្តាលឲ្យស្ត្រីជាម្តាយស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកកូនស្រីវិញរងរបួសស្រាល បានត្រឹមតែអង្គុយមើលសពម្តាយយ៉ាងស្រណោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ(៦) ក្នុងភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។

លោកអធិការរងបានបញ្ជាក់បន្ថែមថា ស្ត្រីទាំង២នាក់ម្តាយកូនខាងលើនេះ ជិះម៉ូតូមួយគ្រឿងម៉ាក គុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ តាកែវ 1E-5668 បើកបរដោយឈ្មោះ អោក សារុន ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិត្រពាំងត្បាល់ ឃុំសូរ្យសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ឌុបកូនស្រី ឈ្មោះ ហ័ង ជីងជីង អាយុ៤ឆ្នាំនៅខាងក្រោយ លុះបានមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែម៉ូតូជនរងគ្រោះបានជ្រុលចង្កូតទៅបុកបង្គោលសុវត្ថិភាពដោយខ្លួនឯង បណ្តាលឲ្យម្តាយស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកកូនស្រីវិញរងរបួសស្រាល បែបនេះតែម្តង៕

មតិយោបល់