ព័ត៌មានជាតិ

ជនសង្ស័យចំនួន០៣នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង: ដោយអនុវត្តតាមការណែនាំ បញ្ជាផ្ទាល់ពីឯកឧត្ដមឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ភួង ចន្ទ័តារា ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងមានការសម្របសម្រួលទៅលើនីតិវិធីពីឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២២និង៣០នាទី នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាបចុះប្រតិបត្តិការ បង្ក្រាបករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ) ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន០៣នាក់ មកកាន់ស្នងការដ្ឋាន ។

១.ឈ្មោះ ឡេង ហេង ភេទប្រុស អាយុ១៩ឆ្នាំ
២.ឈ្មោះ លី ស៊ីថា ភេទប្រុស អាយុ២១ឆ្នាំ
៣.ឈ្មោះ លួម ចាន់ថា ភេទប្រុស អាយុ២០ឆ្នាំ

ជនសង្ស័យទាំង០៣នាក់ មានទីលំនៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។

ហេតុការណ៍: នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២១និង១០នាទី នៅចំណុចក្រុមទី០១ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ដែលជារបស់ជនរងគ្រោះឈ្មោះ សោ ថាវន្ត ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅភូមិស្តីស្ទឹង ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតរួមមាន៖
-ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ស្លាកលេខបាត់ដំបង 1AE7425 (ជាម៉ូតូធ្វើសកម្មភាព)
-ទូរស័ព្ទដៃ០១គ្រឿងម៉ាក Oppo F9 ពណ៌ខៀវ (ជារបស់ជនរងគ្រោះ)

បច្ចុប្បន្នការិយាល័យជំនាញ កំពុងធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់