ភ្នំពេញៈ បុរសជាកូនប្រសារ បានមកប្ដឹងនគរបាលប៉ុស្ដិ៍ចោមចៅឲ្យជួយកោះហៅ ឪពុកម្ដាយក្មេករបស់ខ្លួន ដើម្បីជួបធ្វើការដោះស្រាយគ្នាពីរឿងជំពាក់លុយ ដោយបុរសនោះបានចោទប្រកាន់ថា ឪពុកម្ដាយក្មេកបានខ្ចីលុយមិនព្រមសង ហើយ ថែមទាំងនាំប្រពន្ធរបស់ខ្លួនគេចខ្លួនទៀត ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ នេះតែម្ដង។
សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលបានប្ដឹងពីឪពុកម្ដាយក្មេកខ្លួនឯងនេះ មានឈ្មោះ វ៉ៃ សីហា អាយុ២៩ឆ្នាំ មានប្រពន្ធឈ្មោះ ស៊ូ ចន្ធី អាយុ២១ឆ្នាំ កម្មការិនីរោងចក្រកាត់ដេរ។ ចំណែកឪពុកម្ដាយក្មេកមិនត្រូវបានគេស្គាល់ឈ្មោះឡើយ មានស្រុកកំណើតនៅ ខេត្តតាកែវ និងស្នាក់នៅផ្ទះជួលក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា គេមិនបានដឹងថាប្ដីប្រពន្ធខាងលើនោះលែងលះគ្នាឬបែបណានោះឡើយ ប៉ុន្តែនៅមុនពេលឈានដល់កើតរឿងខាងលើបាន មានទំនាស់គ្នា ហើយបុរសជាប្ដីនោះបានប្ដឹងចោទប្រកាន់ឪពុកម្ដាយក្មេកថា បានខ្ចីលុយខ្លួនចំនួន២ពាន់ដុល្លារយូហើយមិនព្រមសងឡើយ។មិនតែប៉ុណ្ណោះថែមទាំងបាននាំប្រពន្ធរបស់ខ្លួនគេចទៀតផង។ បន្ទាប់ពីទទួលបានពាក្យបណ្ដឹង នគរបាលប៉ុស្ដិ៍ចោមចៅ បានកោះហៅឪពុកម្ដាយក្មេកជននោះទៅធ្វើការដោះ ស្រាយគ្នានៅប៉ុស្ដិ៍តែម្ដង។
ប្រភពព័ត៌មានបានបន្តទៀតថា ខណៈនោះគេបានឃើញទាំង ឪពុកម្ដាយក្មេក និងបងថ្លៃនិងប្អូនថ្លៃរបស់ជននោះទៅធ្វើការដោះស្រាយគ្នាជាមួយជននោះនៅ ប៉ុស្ដិ៍ ហើយនោះ ឪពុកម្ដាយក្មេកនិងបងប្អូនថ្លៃ បានប្រាប់នគរបាលថា គាត់ពិតជា បានខ្ចីលុយកូនប្រសារនោះមែន ប៉ុន្តែគាត់មិនបានគេចវេសមិនសងនោះទេ។ គាត់កំពុងលក់ដីដើម្បីយកលុយមកសងកូនប្រសារដែរ ប៉ុន្តែលក់មិនទាន់ដាច់ ហើយកូនប្រសារគាត់នោះក៏យ៉ាប់ដែរ ឲ្យតែពេលមានទំនាស់គ្នាជាមួយប្រពន្ធ ម្ដងៗតែងតែចងកំហឹងជាមួយគាត់និងទារលុយពីគាត់រហូត។
នគរបាលបានឲ្យដឹងថា ក្រោយពេលហៅជួបគ្នាភាគីទាំងពីរបានសម្របសម្រួល
គ្នាហើយបន្ទាប់មកបានព្រមព្រៀងគ្នាបញ្ចប់រឿង ដោយខាងឪពុកម្ដាយក្មេកយល់ព្រមសងទៅកូនប្រសារក្នុង១ខែចំនួន២០០ដុល្លារ រហូតដល់អស់៕
https://youtu.be/fIlA7BXqxi8
មតិយោបល់