មណ្ឌលគិរីៈ ក្រុមសហគមន៍ ដែលភាគច្រើនគឺជាជនជាតិដើមភាគតិច និងជាអ្នកការពារអភិរក្ស អាស្រ័យផលពីជម្រកសត្វព្រៃនាំគ្នារំពឹងទុកថា ពួកគាត់នឹងមានជីវភាពប្រសើរជាងមុន បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចធ្វើពាណិជ្ជកាបូនឲ្យក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក Disney នៅក្នុងតំបន់ព្រៃឈើមួយចំនួនរបស់ប្រទេសកម្ពុជា។
ដែនជម្រកសត្វព្រៃកែវសីមា មានផ្ទៃដីជិត៣០ម៉ឺនហិកតារ គ្របដណ្ដប់ក្នុងឃុំចំនួន៤ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវក្រុមហ៊ុនឌីសនី (Disney) របស់សហរដ្ឋអាមេរិក សម្រេចចុះហត្ថលេខាទិញកាបូន រេដបូក (Carbon Redd+) នៅដែនជម្រកសត្វព្រៃកែវសីមាចំនួន២,៦លានដុល្លារពីរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន ក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំ។
បុរសជនជាតិដើមភាគតិច លោក ធឿន ស្រូវ រស់នៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី យល់ឃើញថា «ព្រៃឈើមានសារសំខាន់សម្រាប់ការរស់នៅយូរអង្វែង និងបានប្ដេជ្ញាធ្វើសកម្មភាពការពារព្រៃឈើនៅតំបន់នេះឲ្យគង់វង់យូរអង្វែង»។ បន្ទាប់ពីមានការប្រកាសទិញកាបូនពីដែនជម្រកកែវសីមា បានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់នោះមានការត្រេកអរ លាយឡំដោយភាពងឿងឆ្ងល់ពីការលក់កាបូននេះថា តើវាអាចមានផលប៉ះពាល់ដល់ព្រៃឈើដែរឬទេ?។
ទាក់ទងនឹងពាណិជ្ជកម្មកាបូននេះ អ្នកជំនាញបរិស្ថានពន្យល់ថា ជាការព្រមព្រៀងផ្តល់ថវិការវាងបណ្ដារប្រទេសអភិវឌ្ឍន៍ខ្លាំង ហើយការអភិវឌ្ឍនោះ បានធ្វើឲ្យប៉ះពាល់ដល់បរិស្ថានតាមរយៈផ្សែងពុល ផ្តល់ថវិការនោះមកប្រទេសដែលការពារព្រៃឈើ។
ក្រុមអ្នកការពារព្រៃឈើបានបញ្ជាក់ថា ពួកគាត់មិនទាមទារថវិកាបានពីការលក់កាបូន យកមកចែកប្រជាពលរដ្ឋនោះទេ ប៉ុន្តែពួកគាត់ទាមទារឲ្យមានការអភិវឌ្ឍនៅមូលដ្ឋាន ស្នើឲ្យយកថវិកាដែលទទួលបានពីនេះ មកកែច្នៃព្រៃឈើនៅក្នុងសហគមន៍ឲ្យក្លាយទៅជាតំបន់អេកូទេសចរណ៍ ។
អ្នកជំនាញរេដបូក( Radd+ ) បានអះអាងថា ក្រុមហ៊ុន ឌីសនី ទិញឥណទានកាបូនរយៈពេលពីរឆ្នាំ គឺពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨ ត្រឹមកាបូន៣៦៥,០០០តោន ដែលចំនួននេះមិនទាន់ស្មើនឹងពាក់កណ្ដាលនៃចំនួនកាបូនដែលមានសព្វថ្ងៃនៅដែនជម្រកកែវសីមានៅឡើយនោះទេ ។ ក្រៅពីលក់កាបូនបានធ្វើឲ្យតំបន់នេះសម្បូរសត្វព្រៃ និងសត្វព្រៃកម្រ ដូចជា ដំរីអាស៊ី ខ្លារខិន ទន្សោង ខ្ទីង ត្រយងយក្ស កង្កែបអូររាំង ស្វាកន្ទុយស និងទទាទ្រូងលឿង ជាដើម។
ក្រុមពលរដ្ឋជាអ្នកល្បាតនៅតំបន់នោះរំពឹងថា ថវិកាបានពីការលក់ឥណទានកាបូន នឹងជួយធ្វើឲ្យជីវភាពពួកគាត់កាន់តែប្រសើរ តាមរយៈការបង្រៀនបច្ចេកទេសចិញ្ចឹមសត្វ ដាំបន្លែ និងតភ្ជាប់ផ្លូវ ភ្លើង សាលារៀន មកដល់មូលដ្ឋានរបស់ពួកគេ៕
មតិយោបល់