ពោធិ៍សាត់ៈ ឈើកគ្រញូងមួយរថយន្តដែលក្រុមឈ្មួញលួចដឹកចេញពីតាមច្រកផ្លូវស្រុកភ្នំក្រវាញតម្រង់មកតាមផ្លូវជាតិលេខ០៥ត្រូវបានក្រុមសមត្ថកិច្ចចម្រុះចាប់បាន យកមកកាន់ខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ទោះបីជាក្រុមឈ្មួញបទល្មើសនេះព្យាយាមប្រើមធ្យោបាយដើម្បីបង្អាក់តាមផ្លូវនិងបង្ករបួសស្នាមដល់សមត្ថកិច្ចយ៉ាងណាក៏ដោយ។ ការបង្ក្រាបនេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៥ ភូមិដប់បាត សង្កាត់លកស ក្រុងពោធិ៍សាត់ ។
បើតាមមន្រ្តីជំនាញរដ្ឋបាលព្រៃឈើសង្កាត់ក្រុងពោធិ៍សាត់បានឲ្យដឹងថា ក្រោយពេលកម្លាំងចម្រុះទទួលព័ត៌មាននៃការដឹកឈើប្រណិតប្រភេទឈើគ្រញូងតាមរថយន្តកាមរីឆ្លាមចេញតាមច្រកផ្លូវស្រុកភ្នំក្រវាញផ្លូវលេខ៥៥ហើយនោះ កម្លាំងយើងបានដាក់កម្លាំងចាំស្ទាក់នៅចំនុចខាងលើ រហូតបង្ក្រាបបានរថយន្តម៉ាក តូយ៉ូតាកាមរីឆ្លាម ពណ៌ស្ករ គ្មានស្លាកលេខ ដែលបានដឹកឈើគ្រញូងចំនួន ២៧៨ដុំ ទម្ងន់ ៦៣៣គីឡូក្រាម ស្មើនឹង ០ម៉ែត្រត្រីគុណ៥២៧ ជាក់ស្តែងតែម្ដង ដោយអ្នកបើកបរថយន្តនេះគេចខ្លួនបាត់។
មន្រ្តីដដែលនោះបន្តថា ក្រោយពេលកម្លាំងសមត្ថកិច្ចយើងចាប់បានឈើនិងរថយន្តនោះរួចមក សមត្ថកិច្ចក៍បានប្រើប្រាស់រថយន្តសមត្ថកិច្ចមួយគ្រឿងទៀតសម្រាប់អូសរថយន្តដែលផ្ទុកឈើបទល្មើសនោះទៅកាន់ខណ្ឌរដ្ឋបាលព្រៃពោធិ៍សាត់ ដើម្បីវាស់ថ្លឹងនិងបំពេញឯកសាទៅតុលាការ ។ ខណៈនោះស្រាប់តែឡើងមកដល់ផ្លូវជាតិលេខ០៥មកដល់ចំនុចខាងលិចជញ្ជីងថ្លឹង ត្រង់ភូមិកំពុងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ក៏មានជនមិនស្គាល់អត្តសញ្ញាណ១ក្រុមបានបើករថយន្តអ៊ីហ្ស៊ុយហ៊្សុយ មួយបាំងកន្លះ ពណ៌ស្លែមួយគ្រឿង បានមកស្ទាក់ដើម្បីរំដោះយករថយន្តដឹកឈើគ្រញូងខាងលើនេះ ដោយក្រុមទាំងនោះបានគ្រវែងដុំដែកវែងៗមកលើរថយន្តសមត្ថកិច្ចដែលកំពុងសណ្ដោងរថយន្តបទល្មើស ជាហេតុធ្វើឲ្យត្រូវចំទាហានសឹករងម្នាក់រងរបួស រួចជនបង្ករបាននាំគ្នាបើករថយន្តគេចខ្លួនបាត់ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតបើកជិះមកគប់កញ្ចក់រថយន្តនិងទម្លាក់ដែកតាមផ្លូវធ្វើឲ្យរងការខូចខាតរថយន្តមន្ត្រីរដ្ឋបាលព្រៃឈើ១គ្រឿងនោះថែមទៀត ។
មន្រ្តីម្នាក់ដែលចុះបង្រ្កាបបទល្មើសនោះបានបង្ហើបខ្សឹបថា ជនសង្ស័យដែលធ្វើសកម្មភាពរារាំងសមត្ថកិច្ចទាំងនោះគឺជាក្រុមបក្សពួកឈ្មួញឈើខាងលើ ដោយអ្នកដឹកឈើគ្រញូងគេចខ្លួននោះគឺឈ្មោះ រាក់ នៅក្រុងពោធិ៍សាត់ ដែលមានមេខ្លោងឈ្មួញធំនៅពីក្រោយខ្នងឈ្មោះពៅ នៅឃុំស្នាមព្រះ ហើយឈ្មោះពៅនេះមិនខ្លាចនណាឡើយដោយសាតែមានមេបញ្ជារការរងកងរាជអាវុធហត្ថនៅខេត្តពោធិ៍សាត់ម្នាក់កាងពីក្រោយខ្នងបទល្មើសនេះ តែយ៉ាងណាក៏ដោយសម្រាប់ឈើគ្រញូងនិងរថយន្តជាវត្ថុតាងដឹកបទល្មើសទាំងនេះត្រូវបានយកមកដល់គោលដៅវាស់ថ្លឹងនិងរក្សាទុកខណ្ឌរដ្ឋបាលព្រៃឈើ ហើយខាងសមត្ថកិច្ចជំនាញបានបំពេញសំណុំរឿងនេះទៅតុលាការដើម្បីចាត់ការនិងផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
មតិយោបល់