ព័ត៌មានជាតិ

រថយន្តពន្លះម៉ូតូពេញទំហឹង បុរសម្នាក់ស្លាប់នៅនឹងកន្លែង

រតនគិរីៈ លោកប្រធានការិយាល័យចរាចរណ៍នៃស្នងការនគរបាលខេត្តរតនគិរី បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង២៦នាទីយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចទល់មុខការ៉ាស់សាំង ហួត រិទ្ធី លើផ្លូវជាតិលេខ៧៨អា
ស្ថិតក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

ជនរងគ្រោះឈ្មោះ ហន កុសល្យ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។

មុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក ហីលុចមួយបាំងកន្លះកែទ្រុង ពណ៌កណ្ដុរប្រម៉េះ ពាក់ស្លាកលេខ ភ្នំពេញ2A-9330 បានបុកជិះម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ស៊េរី០១៦ ពាក់ស្លាកលេខ រតនគិរី1C-9567 បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង ចំណែកជនបង្កបានរត់គេចខ្លួនបាត់ ហើយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយកម៉ូតូនិងរថយន្តមករក្សាទុកនៅអធិកាដ្ឋាននគបាលស្រុកបរកែវ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ។ ចំណែកសាកសព ប្រគល់យកបងប្អូនជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់