ព័ត៌មានជាតិ

អាសូរណាស់! បុរសពិការម្នាក់លង់ទឹកស្លាប់ក្នុងរណ្តៅត្បូង ខណៈដើរទៅដាក់មងយកត្រី

ប៉ៃលិន: បុរសពិការម្នាក់ដើរទៅដាក់មងយកត្រី បណ្តាលឲ្យលង់ទឹកស្លាប់ក្នុងរណ្តៅជីកត្បូង បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងប្រជាពលរដ្ឋ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១០និង២០នាទី ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចម្ងាយពីការិយាល័យបសុព្យាបាលខេត្ត(ពេទ្យសត្វ) ប្រហែល ១០០ម៉ែម៉ែត្រ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ដឿន អឿន ភេទប្រុស អាយុ៥៣ឆ្នាំ ពិការជើងខាឆ្វេង មុខរបពេទ្យសត្វខេត្តប៉ៃលិន មានប្រពន្ធឈ្មោះ ម៉ៅ គឹមសាន អាយុ៤៩ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតនៅស្រុកគល់រាំង ខេត្តព្រៃវែង ហើយបច្ចុប្បន្នរស់នៅភូមិវត្តបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បើតាមការរៀបរាប់ពីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់និងប្ដីបានបណ្ដើរគ្នាទៅដាក់មង ក្នុងស្រះទឹកក្បែរកន្លែងធ្វើការជារៀងរាល់ថ្ងៃ ហើយពេលកំពុងតែដើរ ស្រាប់តែប្ដីរបស់គាត់ពោលថា ឈឺក្បាលនិងចុកទ្រូងនៅពេលទៅដល់មាត់ស្រះទឹកដ៏ធំមួយជម្រៅប្រហែល៦ម៉ែត្រ ទទឹង១០០ម៉ែត្រ ប្តីរបស់គាត់ក៏បានចុះដាក់ម៉ងក្នុងស្រះទឹកនោះ ដោយជិះកាដុងដែលមានខ្សល់ប៉ោងពេញ ទៅដាក់ម៉ង ខណ:នោះរូបគាត់ជាប្រពន្ធក៏សុំទៅដាំបាយនៅស្នាក់ការពេទ្យសត្វ។ គាត់បានបន្តថា បន្ទាប់ពីដាំបាយរួច គាត់ក៏ដើរមកកន្លែងប្ដីដាក់មង ពេលនោះស្រាប់តែឃើញប្ដីរបស់គាត់ហែលទឹកសំដៅមកច្រាំង ហើយប្រកាច់តែម្តង ហើយគាត់ក៏រត់ទៅជួយប្តីបណ្ដើរស្រែកហៅឲ្យគេជួយបណ្ដើរ រួចអូសប្ដីមកលើគោក រួចយកដៃសង្កត់ទ្រូង មិនឃើញមានទឹកចេញពីមាត់ប្តីទេ បន្ទាប់មកទូរសព្ទហៅឲ្យអ្នកនៅជិតស្នាក់ការជួយដឹកប្តីរបស់គាត់យកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ហើយពេលមកមន្ទីរពេទ្យខេត្ត គ្រូពេទ្យជំនាញប្រាប់ថា ជនរងគ្រោះបានស្លាប់មុនក្រុមគ្រួសារដឹកយកមកពេទ្យម្លេះ។

ក្រោយពីសមត្ថកិច្ចជំនាញផ្នែកបច្ចេកទេសស្រុកនិងខេត្ត បានធ្វើកោសល្យវិច្ច័យសពរួចមក បានបញ្ជាក់ថាជនរងគ្រោះ ពិតជាស្លាប់ដោយសាលង់ទឹកពិតប្រាកដមែន ហើយក៏បានប្រគល់សពទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់