ព័ត៌មានជាតិ

Update៖ ជិះម៉ូតូឆ្លងមិនប្រយត្ន័ត្រូវយុវជនម្នាក់បើកមកបុកពេញទំហឹង របួសធ្ងន់២នាក់

ភ្នំពេញ: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងបន្ទាប់ពីម៉ូតូ២គ្រឿង បានបុកគ្នាពេញទំហឹង លាន់ដូចរន្ទះ បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់ ក្នុងនោះមានម្នាក់ជាសិស្សសាលា រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកម្នាក់ទៀតរងរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ៤៨៨ កែងនឹងផ្លូវ១៣៥ ក្នុងសង្កាត់ផ្សាដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាកស៊ុយសាគីនិច ពណ៌ស ជិះឌុបគ្នាដោយមនុស្សប្រុសស្រី២នាក់ តាមបណ្តោយផ្លូវខាងលើ ដោយបានបើកជិះឆ្លងផ្លូវបម្រុងមកផ្លូវម្ខាងទៀត ខណ:នោះស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-4219 ជិះដោយយុវជនម្នាក់ជាសិស្ស បើកបរក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកម៉ូតូនិចដែលកំពុងឆ្លងពេញទំហឹង លាន់ដូចរន្ទះ បណ្តាលឲ្យយុវជនអ្នកបើកម៉ូតូសង់ រួមនឹងនារីដែលរួមដំណើរនៅលើម៉ូតូនិច ដួលបោកទៅលើដងផ្លូវរងរបួសធ្ងន់ ចំណែកម្នាក់ទៀតរងរបួសស្រាល។ ភ្លាមៗត្រូវបានប្រជាពលរដ្ឋរួមនឹងសមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋាន អន្តរាគមន៍ហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយពីកើតហេតុ ហើយនោះសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌចម្ការមនបានចុះមកធ្វើការវាស់វែងដោយនាំយកម៉ូតូទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់