ព័ត៌មានជាតិ

ព្រហើនមែន…! ក្រុមចោរដើរគាស់ផ្ទះប្រជាពលរដ្ឋកក្រើកក្រុងតាខ្មៅ

កណ្តាល: មួយរយ:នេះហាក់បីដូចជាកក្រើកដល់ហើយ នៅក្នុងក្រុងតាខ្មៅ ខណ:ដែលមានក្រុមចោរមួយក្រុមមានគ្នាប្រមាណជិត១០នាក់ ដើរធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋជាបន្តរបន្ទាប់មិនរំខានដល់នគរបាល និងអាវុធហត្ថឡើយ ហើយជាពិសេសនោះគឺអត់ទាន់ឃើញកម្លាំងនគរបាល ក៏ដូចកម្លាំងអាវុធហត្ថ ចាប់ក្រុមចោរទាំងនោះបានម្នាក់ឡើយមកដល់ពេលនេះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះរបស់ឈ្មោះតាំង ម៉េងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ តាំង ម៉េងលាង ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ ។

នគរបាលក្រុងតាខ្នៅបានប្រាប់ឲ្យដឹងថា ជនសង្ស័យមានគ្នា៤នាក់មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។

សម្ភារ:បាត់បង់៖ ខ្សែដៃមាស១ខ្សែទម្ងន់៥ជី, ចិញ្ជៀនពេជ្រ១វង់ , ខ្សែដៃប្លាទីនកូនក្មេង ២ខ្សែទម្ងន់៤ជី។

នគរបាលបានប្រាប់ឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះនិងក្រុមគ្រួសារមិននៅផ្ទះបានទៅចម្ការនៅខេត្តកំពង់ចាម កាលពីថ្ងៃទី៤ កក្កដា ២០១៧ មកម្ល៉េះ
ដោយបានចាក់សោទ្វាររបងនិងទ្វារផ្ទះ។ លុ:មកដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧វេលាម៉ោង១១ ក្មួយជនរងគ្រោះឈ្មោះម៉េង សុផល ភេទប្រុស អាយុ៣២ឆ្នាំ បានត្រឡប់មកពីហូបការ បានជិះរថយន្តកាត់តាមផ្លូវបេតុងមុខកន្លែងកើតហេតុស្រាប់តែឃើញទ្វាររបងនិងទ្វារផ្ទះរបើកចំហរ ក៏ឈប់រថយន្តទូរសព្ទទៅជនរងគ្រោះជាពូរបស់ខ្លួនឲ្យបានជ្រាប ពូបានឆ្លើយថា គាត់មិននៅផ្ទះទេនៅចម្ការខេត្តកពង់ចាម តាំងពីថ្ងៃទី៤មកម្ល៉េះ។ ភ្លាមនោះ ឈ្មោះ ម៉េង សុផល បានទូរសព្ទប្រាប់ទៅម្តាយជនរងគ្រោះឈ្មោះ ប៊ុត ស៊ីណុន មកត្រួតពិនិត្យជាមួយប្រធានភូមិនិងសមត្ថកិច្ចបានដឹងថា មានបាត់ទ្រព្យសម្បត្តិ ដូចបានរៀបរាប់ខាងលើ។

តាមការបំភ្លឺរបស់សាក្សីបានឲ្យដឹងថា ពេលគាត់ដើរកាត់តាមផ្លូវបេតុងមុខកន្លែងកើតហេតុ បានឃើញជនសង្ស័យចំនួន៤នាក់បានដើរចេញពីកន្លែងកើតហេតុយ៉ាងលឿនចូលមកផ្លូវតូចងងឹត ក្នុងចំណោម៤នាក់ មានម្នាក់មានកម្ពស់ប្រហែល១,៨៥ម៉ែត្រ។

សូមរំលឹកដែរថា៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នៅចំណុចផ្ទះ លក់គ្រឿងលម្អរផ្ទះគ្រប់ប្រភេទ នៅក្នុងផ្សារតាខ្មៅចាស់ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅមានម្ចាស់ផ្ទះមានឈ្មោះ អៀង ហូរ ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិតាខ្មៅ០២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

បើតាមម្ចាស់ផ្ទះបានប្រាប់ភ្នាក់ងារPost Newsថា ជារៀងរាល់ថ្ងៃពេលល្ងាចគាត់បិទទ្វារផ្ទះរបស់គាត់ រួចហើយគាត់ចាក់សោពី (ខាងលើមួយ ខាងក្រោមមួយ) ហើយគាត់ក៏ចេញទៅផ្ទះមួយទៀតនៅជិតក្បែរវិទ្យាល័យសេរីភាព ដែលជាផ្ទះរបស់គាត់ស្នាក់នៅជាប្រចាំ ។ លុះដល់ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ អ្នកលក់ក្បែរគាត់នៅក្នុងផ្សារតាខ្មៅចាស់នោះបានតេសួរគាត់ថា ម៉េចក៏ផ្ទះបងឯងបើកទ្វារចោលអ៊ីចឹង គាត់ឮភ្លាមគាត់និងកូនរបស់គាត់ បានមកមើលផ្ទះរបស់គាត់ដែលបើកលក់គ្រឿងលម្អរផ្ទះជារៀងរាល់ថ្ងៃនោះ ស្រាប់តែចំហរទ្វារសោដែលគាត់ចាក់នោះជ្រុះដាច់ចេញពីគ្នាទាំងអស់ហើយក្នុងផ្ទះរបស់គាត់មានដានជើងមនុស្សចូល ជាន់ និងរើកកាយយក លុយ យកអាយផេត និងសម្ភារ:លម្អរផ្ទះរបស់គាត់មួយចំនួន ក៏មានការឆោឡោ តេទៅនគរបាលក្រុងតាខ្មៅ មកដល់ទីតាំងភ្លាម។ រួចហើយនគរបាលក្រុងតាខ្មៅ បានមកដល់កន្លែងកើតហេតុពិនិត្យរួចមកឃើញថា ចោរវាចាក់ទឹកអាស៊ីតប្រដាច់សោរចូលលួចតែម្តង។

ប្រជាពលរដ្ឋនិងក្រុមអាជីវករ បានសំណូមពរទៅដល់លោក អ៊ាវ ចម្រើន ស្នងការនគរបាលខេត្តកណ្តាល និងលោក ស៊ឹម ប៊ុតបណ្ឌឹត អធិការក្រុងតាខ្មៅ ឲ្យតាមចាប់ក្រុមចោរគាស់ផ្ទះទាំងនោះមកផ្តន្ទាទោសផង ពួកគាត់រស់នៅ និងប្រកបមុខរបរមានការភិតភយ័ខ្លាំងណាស់៕

មតិយោបល់