ព័ត៌មានជាតិ

បេសកជនពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជួបប្រជុំជាមួយប្រធានគណកម្មការសិទ្ធិមនុស្សកម្ពុជា

(ភ្នំពេញ)៖ កិច្ចប្រជុំស្តីពីការវិវឌ្ឍនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានធ្វើឡើងនៅការិយាល័យគណកម្មការសិទ្ធិមនុស្សកម្ពុជានារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦។ កិច្ចប្រជុំធ្វើឡើង រវាងបេសកជនពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៃឧត្តមស្នងការអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា លោកស្រី រ៉ូ ណាស្មីត និងឯកឧត្តម ម៉ក់ សម្បត្តិ ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា រួមនិងសហការីជាច្រើនរូប។ 
លោកស្រី រ៉ូ ណាស្មីត បានសំដែងសុទិដ្ឋិនិយមចំពោះការវិវឌ្ឍនៃស្ថានការគោរពសិទ្ធិមនុស្សនៅកម្ពុជា និងបានថ្លែងអំណរគុណដែលរដ្ឋាភិបាលកម្ពុជាបានសហការណ៍ល្អជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សក្នុងពេលកន្លងមក។ ទោះជាយ៉ាងណា លោកស្រី រ៉ូ ណាស្មីត បានសំណូមពរឱ្យគណៈកម្មការសិទ្ធិមនុស្សកម្ពុជា បញ្ជូនរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ឱ្យបានទាន់ពេលវេលា។ លោកស្រីក៏បានអំពាវនាវឱ្យ គណៈកម្មការសិទ្ធិមនុស្សកម្ពុជាព្យាយាមពន្យល់ណែនាំមន្ត្រីថ្នាក់ក្រោមនៅតាមបណ្តាខេត្តមួយឱ្យយល់ពីការគោរពសិទ្ធិមនុស្សផងដែរ ខណៈដែលមានសេចក្តីរាយការណ៍ថា នៅមានមន្ត្រីថ្នាក់ខេត្តមួយចំនួននៅតែហាមប្រាមមិនឱ្យមានវេទិការបណ្តុះបណ្តាលប្រជាពលរដ្ឋអំពីសិទ្ធិមនុស្សនៅឡើយ។
លោក ម៉ក់ សម្បត្តិ បានសន្យាថា គណៈកម្មការសិទ្ធិមនុស្សកម្ពុជា នឹងព្យាយាមបញ្ជូនរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស យ៉ាងយូរត្រឹមខុងឆ្នាំ២០១៦នេះ។ លោកប្រធានបានបន្តថា កន្លងមកគណៈកម្មការសិទ្ធិមនុស្សកម្ពុជា បានសហការជាមួយក្រសួងស្ថាប័នរដ្ឋជាច្រើន ជាពិសេសគឺក្រសួងមហាផ្ទៃក្នុងការឃ្លាំមើលការគោរពសិទ្ធិមនុស្សទូទាំងប្រទេសកម្ពុជា សំដៅទប់ស្កាត់ និងកាត់បន្ថយឱ្យបាននូវការរើសអើងពូជសាសន៍ ការធ្វើទារុណកម្ម ការធ្វើបាតុកម្ម និងសកម្មភាពនានាដែលប៉ះពាល់ដល់សិទ្ធិមនុស្ស។ លោក ម៉ក់ សម្បត្តិ បានគូសបញ្ជាក់អំពីការវិវឌ្ឍនៃកំណែទម្រង់មួយចំនួនដែលកម្ពុជាបាននឹងកំពុងអនុវត្តក្នុងគោលដៅលើកកំពស់ការគោរពសិទ្ធិមនុស្ស នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានដូចជា៖ 1. កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ,2. កំណែទម្រង់ការបោះឆ្នោត ,3. កំណែទម្រង់វិស័យដីធ្លី ,4. ការលើកកម្ពស់សេរីភាពបញ្ចេញមតិ ,5. ការអនុម័តច្បាប់ស្តីពី អង្គការ សមាគម, 6. ការរៀបចំពង្រាងច្បាប់ស្តីពី សហជីព 

លោក ម៉ក់ សម្បត្តិ បានថ្លែងថា គណៈកម្មការសិទ្ធិមនុស្សកម្ពុជានឹងបន្តការសហការល្អជាមួយ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីធ្វើឱ្យស្ថាភាពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែមានភាពល្អប្រសើរឡើងថែមទៀត៕ 

   
    
 

មតិយោបល់