ភ្នំពេញៈ ជនសង្ស័យញៀនថ្នាំ២នាក់ គ្មានប្រាក់ទិញថ្នាំញៀនយកមកជក់ ក៏សម្រេចចិត្តធ្វើសកម្មភាពលួចយកដែកសរសៃថ្នាំងអំពៅចំនួន២ដើម មានប្រវែង៨ម៉ែត្រ ត្រូវបានសន្តិសុខក្រុមហ៊ុន OCIC តាមទាន់រត់ចុះទឹកស្រះបឹងឈូក ធ្វើល្បិចដកក្រឳឈូក ក៏ត្រូវសមត្ថកិច្ចក្របួចជាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចស្រះទឹកបឹងឈូកមួយកន្លែងខាងក្រោយក្រុមហ៊ុនហុងដា តាមបណ្តោយផ្លូវជាតិលេខ៦ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួននោះ ទី១មានឈ្មោះ រឿន ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ និងទី២ឈ្មោះ បូក សាលី ភេទប្រុស អាយុ១៨ឆ្នាំ បច្ចុប្បន្នអ្នកទាំង២នាក់មានមុខរបរ មិនពិតប្រាកដ និងស្នាក់នៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សមត្ថកិច្ចបាបន្តទៀតថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ គេបានឃើញរូបគេទាំង២នាក់កំពុងតែសែងដែកសរសៃថ្នាំងអំពៅចំនួន២ដើម ប្រវែង៨ម៉ែត្រ ហើយក៏ជួបនិងកម្លាំងសន្តិសុខក្រុមហ៊ុន OCIC ទើបពួកគេទាំង២នាក់បានរត់ចុះទឹកស្រះបឹងឈូកនៅក្បែរនោះ ហើយធ្វើល្បិចដកក្រឳឈូក។ ភ្លាមៗនោះក៏ត្រូវបានកម្លាំងសន្តិសុខឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចខណ្ឌជ្រោយចង្វារ ដើម្បីសាកសួរបន្ត។
ប្រភពព័ត៌មានដដែលបានឲ្យដឹងថា ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង២នាក់ខាងលើរួចមក ពួកគេបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចពិតប្រាកដមែន ហើយពួកគេបាននិយាយថា គឺពួកគេលួចយកទៅលក់ ដើម្បីទិញថ្នាំញៀនយកមកប្រើប្រាស់។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា៕
មតិយោបល់