ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹង មានអីចូលពេទ្យទាំង២នាក់!!

ភ្នំពេញៈ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់១គ្រឿង បានបើកគេចម៉ូតូ១គ្រឿងដែលនៅខាងមុខ ហើយក៏បានជ្រុលបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥មួយ គ្រឿងទៀត បណ្ដាលឲ្យរងរបួសទាំងសង្ខាង និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅតាមផ្លូវបេតុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់១គ្រឿងនោះ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1W-3688 ចំណែកម៉ូតូម៉ាកហុង ដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះវិហារ1B-3203 ហើយអ្នកបើកបរម៉ូតូទាំង២ គ្រឿងនេះមិនត្រូវបានគេស្គាល់ឈ្មោះនោះឡើយ និងបានរងរបួសត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះទាំង២នាក់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូទាំង២គ្រឿងនោះបានបើកបរធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នា ដោយម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់ បានបើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿន លឿនដែរ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ បានវាក់ជាមួយម៉ូតូ១គ្រឿងផ្សេងទៀតដែលកំពុង បើកបរនៅខាងមុខ។ ខណៈនោះម៉ូតូស្មាស់នេះបានគេច ហើយក៏បានជ្រុលចង្កូតចូលទៅចំណែកផ្លូវម្ខាងទៀត ហើយក៏បានបុកគ្នាជាមួយម៉ូតូ ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ដែលកំពុបើកបរក្នុងទិសដៅ បញ្ច្រាសគ្នាពីជើងទីត្បូងពេញទំហឹងតែម្ដង។

ប្រភពដដែលបានបន្តទៀតថា នៅក្នុងពេលនោះបានបណ្ដាលឲ្យម៉ូតូទាំង២គ្រឿងដួលបោកទាំងកម្រោល ទៅលើថ្នល់ ហើយអ្នកបើកបរបានរងរបួសទាំងសង្ខាង ប៉ុន្តែអ្នកបើកបរម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់រងរបួសធ្ងន់ធ្ងរជាង។បន្ទាប់មកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ។ ដោយឡែកម៉ូតូទាំង២គ្រឿង បានរងការខូចខាតដូចគ្នា និងត្រូវបាននគរបាលប៉ុស្ដិ៍ចោមចៅ កម្លាំងជំនាញដើម្បីចុះទៅធ្វើការវាស់វែងនាំយកទៅរក្សាទុករង់ចាំ ការដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់