កោះកុងៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្តដឹកកម្មករឲ្យក្រុមហ៊ុន Yazaki Co,Ltd មួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន បានបុកអ្នកដំណើរថ្មើរជើងម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ស្លាប់ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៧ស្ថិតនៅចំណុចបញ្ជរលក់សំបុត្រស្ពានកោះកុង ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសធ្ងន់ខាងលើនេះមានឈ្មោះ យក់ ឡាយហេង ភេទប្រុស អាយុ៥៥ឆ្នាំ ស្នាក់នៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ជាបុគ្គលិកផ្នែកសន្តិសុខ របស់ក្រុមហ៊ុន LYP Group Co,Ltd បានស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត។
ចំណែកអ្នកបើកបររថយន្តមានឈ្មោះ ចាប ឈាន ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ជាអ្នកបើករថយន្តដឹកកម្មករឲ្យក្រុមហ៊ុន Yazaki Co,Ltd បានរត់គេចខ្លួន ។
បច្ចុប្បន្នរថយន្តបង្កខាងលើ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់បន្តទៀត។ ចំណែកសាកសពត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់