ព័ត៌មានជាតិ

Update: អធិការស្រុកបាទី៖ ករណីឈានទៅដល់កាប់សម្លាប់យុវជនម្នាក់ នៅតាមផ្លូវជាតិលេខ០២ គឺឃាតកររមាស់ដៃ

ខេត្តតាកែវ: លោកវរសេនីយ៍ ង៉ាន់ សារី អធិការដ្ឋាននគរបាលស្រុកបាទី បានប្រាប់អង្គភាពPost News នៅល្ងាចម៉ោង០៥និង៣០នាទី ថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០១៧ថា ករណីកាប់សម្លាប់យុវជនម្នាក់ នៅតាមផ្លូវជាតិលេខ០២ ស្លាប់យ៉ាងអាណោចអាធម៌នោះ ឃាតករបានឆ្លើយសារភាពថា រមាស់ដៃ។

លោកអធិការបញ្ជាក់ថា ក្រុមឃាតករចាប់បានពីរនាក់ ហើយកម្លាំងជំនាញ កំពុងធ្វើការសាកសួរបន្ថែម និងចាត់ការតាមនីតិវិធីច្បាប់។

សូមរំលឹកថា លោកអធិការបានបន្ថែមទៀតថា នៅវេលាម៉ោងប្រមាណជាង០១រំលងអធ្រាត ឈានចូលថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ០២ ទល់មុខផ្ទះលក់គ្រឿងសង្ហាររឹមយីហោ «មិត្ត ចាន់» ស្ថិតក្នុងភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ បានទទួលដំណឹងពីប្រជាពលរដ្ឋថា មានករណីដេញកាប់គ្នាតាមផ្លូវយ៉ាងសាហាវ ធ្វើឲ្យយុវជនម្នាក់រងរបួសដាច់ក ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ក្នុងនោះ លោកអធិការបន្ថែមថា នៅព្រឹកថ្ងៃដដែលកម្លាំងជំនាញព្រហ្មទណ្ឌ័ស្រុកបាទី សហការជាមួយប៉ុស្តិ៍រដ្ឋបាល ក៏ចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីពិនិត្យស៊ើបអង្កេត និងស្រាវជ្រាវ ។ បន្ទាប់ពីធ្វើការពិនិត្យ និងសួរនាំប្រជាពលរដ្ឋ ដែលនៅក្បែរនោះហើយ លោកបាននិយាយប្រាប់ទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះ និងមិត្តភក្ត្រ័បានមកខួបកំណើត នៅស្រុកបាទី នៅពេលចប់កម្មវិធីហើយ ជនរងគ្រោះ និងមិត្តភក្ត្រ័ បានបបួលគ្នាទៅផឹកនៅហាងឈ្មោះ ម្លប់ស្វាយណាវី បានមួយសន្ទុះ ជនរងគ្រោះ និងមិត្តភក្ត្រ័បានចាកចេញពីហាង ខណៈដែលកំពុងធ្វើដំណើរ ស្រាប់តែលេចមុខក្រុមឃាតករមួយក្រុម ជិះមកពីក្រោយបានយកដាវកាប់ទៅលើជនរងគ្រោះ ចំកដាច់ពាក់កណ្តាល ធ្វើអោយជនរងគ្រោះ ធ្លាក់ពីលើម៉ូតូតែម្តង។ ចំណែកឯក្រុមឃាតករ បានជិះម៉ូតូរត់គេចខ្លួនបាត់។

លោកអធិការបញ្ជាក់ប្រាប់ថា ជនរងគ្រោះមានឈ្មោះ កង ថារិទ្ធ ភេទប្រុស អាយុប្រហែលជាង២០ឆ្នាំ មានទីលំនៅភូមិធំ ឃុំធ្លក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង៕

មតិយោបល់