ភ្នំពេញៈ យោងតាមការបញ្ជាក់របស់ លោក គឹម សន្តិភាព បានឲ្យអ្នកសារព័ត៌មានដឹងតាម Telegram នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះថា លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចចាត់វិធានការស្រាវជ្រាវបន្ទាន់ លើករណី អ្នកស្រី អ៊ឹម ស្រីទូច ដែលត្រូវជាម្តាយក្មេករបស់ឈ្មោះ ឡេះ រំលី អតីតទណ្ឌិតនៅខេត្តរតនគិរី ដែលបានប្តឹង ទៅ ACU ថា មានមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីជាន់ខ្ពស់នៃតុលាការខេត្តរតនគិរី មួយចំនួនបានជាប់ពាក់ព័ន្ធករណី កំហែងយក និងជម្រិតទារប្រាក់ពីជនរងគ្រោះ ជាថ្នូរនឹងការដោះលែងមនុស្សគ្មានកំហុស។
យោងតាមពាក្យបណ្តឹងទៅ ACU កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ លោកស្រី អ៊ឹម ស្រីទូច បានប្តឹងនោះរូមមាន៖
១.លោក ហួត បូរី អធិការក្រុងបានលុង ខេត្តរតនគិរី
២.លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី
៣.លោក កែវ វិសុទ្ធ ប្រធានលេខាធិការដ្ឋាន សាលាដំបូងខេត្តរតនគិរី
៤.លោក សួស ឡា ប្រធានសាលាដំបូងខេត្តរតនគិរី
ទៅលោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដោយអះអាងថាមន្រ្តីទាំង ៤នាក់ខាងលើ បានពាក់ព័ន្ធនឹងបទកំហែងយកប្រាក់៖
-ទី១ លោក ហួត បូរី អធិការក្រុងបានលុង ពាក់ព័ន្ធនឹងការជំរិតទារប្រាក់ចំនួន២០០ដុល្លារ ជាថ្នូរនឹងការដោះលែងម៉ូតូមួយគ្រឿងដែលបានចាប់យកទៅ មិនពាក់ព័ន្ធជាមួយបទល្មើស និងការយកប្រាក់ និងគ្រឿងអលង្ការសរុបជាទឹកប្រាក់ប្រមាណជា៣,៥លានរៀល ហើយមិនបានកត់ត្រាចូលក្នុងកំណត់ហេតុ។
-ទី២ លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង ដែលជាអ្នកបញ្ជាមន្ត្រីនគរបាលយុត្តិធម៌ ដោយខ្វះការទទួលខុសត្រូវ និងបានធ្វើឲ្យមានការបាត់បង់ និងខូចខាតទ្រព្យសម្បត្តិរបស់គ្រួសារអ្នកស្រី។
-ទី៣ លោក កែវ ពិសុទ្ធ ប្រធានលេខាធិការដ្ឋាន សាលាដំបូងខេត្តរតនគិរី ដែលបានជម្រិតទារប្រាក់ ៧០០ដុល្លារ ជាថ្នូរនឹងការប្រគល់រថយន្តមកវិញ។
-ទី៤ លោក សួស ឡា ប្រធានសាលាដំបូងខេត្តរតនគិរី និងក៏ជាចៅក្រមជំនុំជម្រះ ពាក់ព័ន្ធនឹងការជម្រិតទារប្រាក់ចំនួន ៧០០០ដុល្លារ ជាថ្នូរនឹងការជម្រះក្តី ឲ្យជាប់ពន្ធនាគារពីរយៈពេលវែងមកត្រឹមរយៈពេលប្រាំមួយខែ។
ពាក់ព័ន្ធករណីនេះយើងនៅមិនទាន់សុំការបញ្ជាក់ពី លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបាននៅឡើយទេ អំពីចំណាត់ការ របស់ ACU លើបណ្ដឹងមួយនេះ ដោយសារតែលោកមិនបានឆ្លើយតបនឹងសំនួរ ដែលបានផ្ញើជូនលោក តាម Telegram។
លោក កែវ ពិសុទ្ធ ប្រធានលេខាធិការដ្ឋាន សាលាដំបូងខេត្តរតនគិរី បានបញ្ជាក់តាមទូរសព្ទថា លោកមិនមានការជាប់ពាក់ព័ន្ធរឿងលុយ កាក់ដូចការចោទប្រកាន់របស់លោកស្រី អ៊ឹម ស្រីទូច នោះទេ។ លោកថា ក្រោយពីតុលាការបានប្រកាសសាលក្រមផ្តន្ទាទោស ឈ្មោះ ឡេះ រលី ជាកូនប្រសារលោកស្រី អ៊ឹម ស្រីទូច រួច លោកស្រីបាន មកដាក់ពាក្យសុំរថយន្តរបស់កូនប្រសារទៅវិញ ដោយសារតែរថយន្តនោះលោក ហួត បូរី ទុកជិះបម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងបានលុង ទើបតុលាការ បង្គាប់ឲ្យ លោក ហួត បូរី អធិការនគរបាលក្រុងបានលុងយករថយន្តនោះទៅប្រគល់ឲ្យម្ចាស់ដើមគេវិញ។ លោក ថា លោកមិនដែលបាន ជួប ទាក់ទងគ្នា និងស្គាល់មុខលោកស្រី អ៊ឹម ស្រីទូច នោះទេ នៅថ្ងៃប្រគល់រថយន្ត លោកជាអ្នកប្រាប់ពីរបៀបប្រើសោឲ្យលោកស្រី អ៊ឹម ស្រីទូច ចេះមែន តែរឿងទាក់ទង យករថយន្តពីសមត្ថកិច្ចគឺលោកស្រីជាអ្នកទាក់ទងផ្ទាល់។
យើងនៅមិនទាន់អាចសុំការបំភ្លឺពីលោក សួសឡា ប្រធានសាលាដំបូងខេត្តរតនគិរី និងលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បាននៅឡើយទេ ដោយរងចាំការឆ្លើយតបបញ្ជាក់ពីលោក កែវ ពិសុទ្ធ ក្នុងនាមជាអ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី។ ដោយឡែកលោក ហួត បូរី អធិការក្រុងបានលុង ខេត្តរតនគិរី យើងមិនអាចសុំការបំភ្លឺបានទេ ដោយសារលេខទូរសព្ទលោក មិនអាចហៅចូលបាន។
គួររំលឹកថា ករណីដែលនាំឱ្យមានការប្តឹងមន្ត្រីទាំង៤នាក់ទៅ ACU នោះគឺផ្តើមចេញពី សាលក្រម លេខ ០២ (ក) ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ របស់លោក សួស ឡា ប្រធាននិងជាចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តរតនគិរី ដោយបានសម្រេចផ្តន្ទាទោស ជនជាប់ចោទឈ្មោះ ឡេះ រំលី ភេទប្រុស អាយុ ៣២ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ៦ខែ ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បទ កាន់កាប់នូវអាវុធ និងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានលិខិតអនុញ្ញាត ប្រព្រឹត្រនៅចំណុចភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបាលុង ខេត្តរតនគិរី កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ យោងតាមមាត្រា ៤៥ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ២០នៃច្បាប់ស្តីពី ការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ៕
មតិយោបល់