ព័ត៌មានជាតិ

អ្នកមានលុយចាក់ដីលុប ត្រពាំងធម្មជាតិតាំងពីបុរាណ អ្នកភូមិសុំអាជ្ញាធរខេត្តជួយ

កំពង់ធំៈ ប្រជាពលរដ្ឋនៅភូមិព្រែកក្រោល ឃុំត្នោតជុំ ស្រុកសន្ទុក ខេត្តកំពង់ធំ បាននាំផ្ដិតមេដៃប្ដឹង និងសុំឲ្យលោកភិបាលស្រុក និងលោកអភិបាលខេត្ត អ៊ុត សំអន ជួយពិនិត្យ និងដកហូតយកត្រពាំង ធម្មជាតិ តាំងពីបុរាណ ដែលអ្នកមានលុយ១ គ្រួសាររំលោភយកធ្វើកម្មសិទ្ធ និងឃារឃាំងមិនឲ្យប្រជាពលរដ្ឋនៅក្នុងភូមិ ប្រើប្រាស់ជាសាធារណៈ។

ប្រជាពលរដ្ឋនៅភូមិព្រែកក្រោលនេះ បាននិយាយឲ្យដឹងថា ត្រពាំង ដែលអ្នកមានលុយ១គ្រួសារ រំលោភយកធ្វើជាកម្មសិទ្ធនេះ គេហៅថា ត្រពាំងខ្សាន់ ស្ថិតនៅចម្ងាយប្រមាណ៣០០ម៉ែត្រ ពីភូមិ ហើយអ្នករំលោភយក ឈ្មោះ ហ៊ុន គិន រស់នៅភូមិ ព្រែកក្រោលនេះ ។

អ្នកភូមិព្រែកក្រោលនេះ បានបន្តឲ្យដឹងទៀតថា មុនដំបូង ឈ្មោះ ហ៊ុន គិន នេះបានសុំធ្វើស្រែនៅមាត់ត្រពាំង ហើយ១ឆ្នាំៗ ចេះភ្ជួររាស់ដីគៀរទម្លាក់ចូលក្នុងត្រពាំង បង្កទឹកត្រពាំងកាន់រាក់បន្តិចម្ដងៗលុះនៅ រដូវប្រាំងឆ្នាំ២០១៦នេះ អាកាសធាតុក្ដៅខ្លាំង ធ្វើឲ្យទឹកត្រពាំងនេះ ត្រូវរីង ខះ ឈ្មោះ ហ៊ុន គិន ក៏ចាក់ដីលុបត្រពាំងនេះតែម្ដង ចំណែកប្រជាពលរដ្ឋបានឯកភាពគ្នា ជីកស្ដារ ត្រពាំងនេះ ដើម្បីរក្សាទឹកសម្រាប់ប្រើប្រាស់របស់មនុស្ស និងសត្វព្រោះថា អាកាសធាតុកាន់តែឡើងកំដៅពី១ឆ្នាំ ទៅ១ឆ្នាំ ហើយយោងតាមប្រសាសន៍ របស់សម្ដេច ហ៊ុន សែន សុំឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋជីកស្រះ ប្រឡាយ អណ្ដូង ដើម្បីរក្សាទឹក ប៉ុន្តែនៅខណៈនោះ ឈ្មោះហ៊ុន គិន បានចេញមកជំទាស់ ដោយនិយាយដីផ្ទៃត្រពាំងនេះ ជាដីកម្មសិទ្ធរបស់ខ្លួន ហើយខ្លួនមានទាំង ប័ណ្ណកម្មសិទ្ធទៀតផង។

ប្រជាពលរដ្ឋ និងចាស់ព្រឹទ្ធាចារ្យ នៅក្នុងភូមិនេះ ដែលគាត់មានអាយុ៨០ និងជាង៨០ឆ្នាំ ទៅហើយនោះ បានអះអាងថា ត្រពាំងនេះ មានតាំងពីដូនតាមក ហើយត្រពាំងនេះ មិនត្រឹមតែមនុស្ស និងសត្វប្រើប្រាស់ និងផឹកទេ ថែមទាំងមានត្រីច្រើនទៀតផង ហើយនៅមាត់ត្រពាំងនេះ មានទីទួល និងដើមឈើជាម្លប់សម្រាប់មនុស្សសត្វសំរាក ឬដងទឹកមកងូតនៅទីនេះ ហើយទៅ ទីនេះ អាជ្ញាធរ និងប្រជាពលរដ្ឋរក្សាទុកជាទីសាធារណៈ មិនមានអ្នកណាប៉ះពាល់នោះទេ ទើបតែឈ្មោះ ហ៊ុន គិន នេះ មកចាក់ដីរំលោភយក ដោយឪពុកខ្លួនជាមេភូមិ។
ចំណែកលោក ហ៊ុន គិន បានឆ្លើយតប នឹងអ្នកសារព័ត៌មានថា ត្រពាំងនេះ លោកបានកាន់កាប់តពីឪពុកម្ដាយរបស់គាត់ ហើយក៏គាត់បានធ្វើពាក្យទៅភូមិនិងឃុំ ដើម្បីសុំកាន់កាប់នៅលើផ្ទៃ ដីត្រពាំងនេះ ។

លោកមេឃុំត្នោតជុំ គឺលោក ចាន់ ប៉ុក និងលោក យស បញ្ញារិទ្ធ អភិបាលស្រុកសន្ទុក មិនបានបំភ្លឺឲ្យដូចម្ដេចនោះទេ ដោយទូរស័ព្ទលោកទាំង២ ខលចូលហើយ ប៉ុន្តែលោកមិនទទួលទូរស័ព្ទ៕

MM1M2M3mnN

មតិយោបល់