ភ្នំពេញៈ បង្គោលភ្លើង១ដើមនៅមុខផ្ទះប្រជាពលរដ្ឋ ត្រូវអគ្គិភ័យឆាប់ឆេះ បន្ទាប់ពីឆ្លងចរន្ដអគ្គិសនី ប៉ុន្ដែត្រូវបានប្រជាពលរដ្ឋ យកបំពុងពន្លត់អគ្គិភ័យមកបាញ់ទាន់ពេល ហើយសមត្ថកិច្ចក៏បន្ថែមនូវរថយន្តពន្លត់អគ្គិភ័យអស់១គ្រឿងទៀតផងដែរ ដើម្បីជួយអន្ដរាគមន៍ទើបរលត់ទៅវិញ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅជិតផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយហេតុការណ៍នោះភ្លាមៗ ប្រជាពលរដ្ឋដែលជិតខាង បាននាំគ្នាយកបំពុងពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ ហើយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក៏បានចេញឡានទឹកទៅជួយអន្ដរាគមន៍ផងដែរ ទើបអគ្គិភ័យឆេះបង្គោលភ្លើងនោះបានរលត់ទៅវិញជាស្ថាពរ។
សូមបញ្ជាក់ផងដែរថា អគ្គិភ័យនេះមិនបង្កឲ្យមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ ដោយគ្រាន់តែរងការខូចខាតប្រអប់ភ្លើងនៅបង្គោលនោះចំនួន៣ និងដាច់ខ្សែភ្លើងដាច់ធ្លាក់ចុះរាយប៉ាយពេញដីតែប៉ុណ្ណោះ៕
https://youtu.be/X1NRLZFpPUo
មតិយោបល់