ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌទួលគោក បានចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី មួយកន្លែងនៅតាមបណ្តោយផ្លូវរថភ្លើង

ភ្នំពេញៈ សាលាខណ្ឌទួលគោកបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះធ្វើការបង្ក្រាបទីតាំងហ្គេមបាញ់ត្រី មួយកន្លែង ដោយក្នុងនោះដកហូតទូហ្គេមបាញ់ត្រីចំនួន ៣ទូ និងឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន ៣នាក់។

ដោយក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ គឺធ្វើឡើងកាលពីវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ១៤៨ និង១៤៩ តាមបណ្តោយផ្លូវរថភ្លើង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មនុស្សប្រុសស្រីចំនួន ៣នាក់ខាងលើ ទី១ ឈ្មោះ យិន សុផារី ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះជួល ម្តុំផ្សារទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ,ទី២ឈ្មោះ ពៅ សែន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ជាងទឹកភ្លើង ស្នាក់នៅបន្ទប់ជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងទី៣ឈ្មោះ ជា តារា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅផ្ទះជួល តាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបន្តទៀតថា ប្រតិបត្តិការខាងលើនេះ គឺដឹកនាំដោយលោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក ដោយមានការសម្របសម្រួលដោយលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ និងបានសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះរបស់ខណ្ឌទួលគោក បានធ្វើការចុះបង្ក្រាបទីតាំងខាងលើ ដោយក្នុងនោះឃាត់ខ្លួនបានមនុស្សប្រុសស្រី ៣នាក់ ព្រមទាំងដកហូតទូហ្គេមត្រីចំនួន៣ទូ,កង្ហារចំនួន ៥គ្រឿង និងម៉ូតូ ១គ្រឿង ម៉ាកគុប ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 1AC-1078។

ក្រោយមក សមត្ថកិច្ចយើងបាននាំខ្លួនមនុស្សប្រុសស្រីទាំង ៣នាក់ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោកធ្វើការសាកសួរ និងទូហ្គេមបាញ់ត្រីយកទៅរក្សាទុកនៅសាលាខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការវាយកម្ទេច៕

មតិយោបល់