ភ្នំពេញៈ ក្រុមចោរមួយក្រុម បានធ្វើសកម្មភាពកាច់កម៉ូតូយ៉ាងសកម្ម ដោយមានប្រដាប់ដោយអាវុធខ្លី មួយដើមមិនស្គាល់ម៉ាកបានជិះម៉ូតូ មួយគ្រឿង ដើម្បីធ្វើសកម្មភាពកាច់កម៉ូតូ ស្រាប់តែត្រូវម្ចាស់ឃើញទាន់ស្រែកឆោឡោ ធ្វើឲ្យជនសង្ស័យភិតភ័យក៏ធ្វើសកម្មភាពមិនបានសម្រេច ប្រញាប់រត់ឡើងជិះម៉ូតូបក្ខពួកគេ តែម្ចាស់គេរត់ដេញតាម ធ្វើឲ្យជនសង្ស័យខាងលើដកកាំភ្លើងខ្លីគំរាមបាញ់រួចរត់បាត់តែម្តង។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតូបលក់ចាប់ហួយមួយកន្លែង តាមបណ្តោយផ្លូវទន្លេមេគង្គ ភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលជាម្ចាស់ម៉ូតូមានឈ្មោះ ម៉ាត់ ទៀត ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅកើតហេតុខាងលើ។
ប្រភពព័ត៌មានពីស្ត្រីដែលជាម្ចាស់ម៉ូតូឲ្យដឹងថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់បានយកម៉ូតូទៅទុកនៅជិតតូបលក់ដូរ រួចបានចាក់សោកត្រឹមត្រូវ តែមិនបានបិទឡុកសន្ទះសោនោះទេ រួចហើយប្តីគាត់បានទៅថ្វាយបង្គំនៅក្នុងវិហារចាមនៅក្បែរនោះ ហើយរូបគាត់ជាប់រវល់អង្គុយក្នុងតូបលក់ដូរ។ បន្ទាប់មកស្រាប់តែមានជនសង្ស័យ២នាក់ស្លៀកខោអាវស៊ីវិល និងពាក់មួកសុវត្ថិភាពទាំង ២នាក់ ដោយជិះម៉ូតូ មួយគ្រឿង ម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានមកឈប់នៅក្បែរតូបរបស់គាត់លក់អីវ៉ាន់ចាប់ហួយ ហើយជនសង្ស័យម្នាក់ដែលនៅខាងក្រោយបានដើរសំដៅមកជិតម៉ូតូរបស់គាត់ រួចក៏បានធ្វើសកម្មភាពកាត់សោកម៉ូតូ មួយគ្រឿង ម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FB-6271 មិនបានសម្រេចតែត្រូវបានរូបគាត់ និងអ្នកជិតខាងឃើញទាន់ស្រែកឆោឡោ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើល ទើបរូបគេភិតភ័យចុះរត់ទៅឡើងជិះម៉ូតូដែលបក្ខពួកគេកំពុងបញ្ឆេះចាំ ហើយភ្លាមៗនោះ ស្ត្រីដែលជាម្ចាស់ម៉ូតូ និងអ្នកជិតខាងបានរត់ដេញតាម ស្រាប់តែជនសង្ស័យខាងលើ បានដកកាំភ្លើងខ្លី មួយដើមពីចង្កេះមិនស្គាល់ម៉ាកគំរាមបាញ់ ក្រោយមក ពួកគេបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
គួរបញ្ចាក់ថា កន្លងមកនៅក្នុងទឹកដីខណ្ឌជ្រោយចង្វារនេះ មានករណីកាច់សោកម៉ូតូស្ទើររាល់ថ្ងៃ ហើយពួកគេធ្វើសកម្មភាពកាច់សោកម៉ូតូបានសម្រេចតែរហូត ដោយមិនបានរំខានដល់សមត្ថកិច្ចណាម្ចាស់នោះឡើយ៕
មតិយោបល់