ព័ត៌មានជាតិ

ពិតជាក្មេងឈាមរាវមែន! ជិះម៉ូតូទៅបុកគេហើយ ថែមទាំង…

ភ្នំពេញៈ បុរសម្នាក់ត្រូវបានជនសង្ស័យជិះម៉ូតូបុក ហើយបានផ្ទុះហិង្សាដាក់គ្នាទៅវិញទៅមក បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ដោយត្រូវបានគេចាក់នឹងកូនសោម៉ូតូជាប់ក្បាល បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស្រុង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1F 7514 (រត់គេចខ្លួនចោលម៉ូតូ)។ រីឯជនរងគ្រោះមានឈ្មោះ ស៊ាំង សុវណ្ណារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅស្រុកអង្គរជ័យ ខេត្តកំពត។

ប្រភពពីមិត្តភក្តិជនរងគ្រោះម្នាក់បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេមានគ្នា៣នាក់បានដើរចេញពីបន្ទប់ជួលរបស់ពូជនរងគ្រោះហើយបានជូនមិត្តភក្តិម្នាក់ទៀតទៅបន្ទប់ ពេលកំពុងតែដើរស្រាប់តែមានបុរសម្នាក់និងអ្នករួមដំណើរម្នាក់ទៀត បានជិះម៉ូតូមកបុកជនរងគ្រោះដែលកំពុងជជែកគ្នា ហើយក៏មានការប្រតាយប្រតបគ្នាមួយប្រាវរួចក៏ស្ងប់ស្ងាត់ទៅវិញ។ លុះមួយស្របក់ក្រោយមក ជនសង្ស័យខាងលើបានយកកូនសោម៉ូតូមកចាក់ក្បាលជនរងគ្រោះបណ្ដាលឲ្យជាប់នឹងលលាដ៏តែម្ដង។

ប្រភពដដែលបានបន្តថា ខណៈពេលដែលជនរងគ្រោះត្រូវបានគេចាក់ភ្លាមៗនោះ ហើយសោជាប់នៅនឹងក្បាល តែជនរងគ្រោះមិនមានការភិតភ័យនោះទេ ហើយក៏បានដេញវាយជនសង្ស័យវិញ ក្រោយមកជនសង្ស័យបានរតគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូនបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនក្បែរកន្លែងកើតហេតុ តែដោយសារជនរងគ្រោះមានរបួសធ្ងន់ធ្ងរពេក ទើបមន្ទីរពេទ្យឯកជននោះមិនហ៊ានព្យាបាល រួចក៏បានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ៕

មតិយោបល់