ព័ត៌មានជាតិ

កូននៅទីណា មករកម៉ែពុកវិញមក!.. អ៊ំស្រីម្នាក់ កាន់រូបថតទាំងទឹកភ្នែករលីងរលោងតាមរកកូនស្រី ដែលបាត់អស់រយៈពេល៤ខែមកហើយ តែគ្មានដំណឹងសូម្បីបន្តិច!..

ភ្នំពេញៈ ពិតជាគួរឲ្យអាណិតខ្លាំងណាស់ បន្ទាប់ពីឃើញទឹកចិត្តម្តាយ ដែលបានបាត់កូនស្រីអស់រយៈពេល៤ខែមកហើយ តែមិនលឺដំណឹងសូម្បីបន្តិច ដែលជាហេតុធ្វើឲ្យគាត់ដើរតាមរកដោយមានកាន់រូបថតកូនចំនួន២សន្លឹកក្នុងដៃ តាមរកកូនសព្វទីកន្លែង តែនៅតែគ្មានដំណឹង ស្របពេលដែលប្តីកំពុងធ្លាក់ខ្លួនឈឺធ្ងន់នៅឯខេត្តឧត្តរមានជ័យ។

នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ អ៊ំស្រីឈ្មោះ ម៉ៅ វ៉ាត អាយុ៥៤ឆ្នាំ ​ស្នាក់នៅភូមិថ្មី ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលប្រកបមុខរបរធ្វើស្រែ បានមកដល់ការិយាល័យ Post News Media ដើម្បីជួយផ្សាយតាមរកកូនស្រីរបស់គាត់។

អ៊ំស្រីឈ្មោះ ម៉ៅ វ៉ាត បានឲ្យដឹងថា គាត់មានប្តីឈ្មោះ ស ម៉ុន អាយុ៥៦ឆ្នាំ មានមុខរបរជាកសិករ ស្នាក់នៅភូមិភូមិថ្មី ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយប្តីរបស់គាត់នេះ មានជំងឺលើសឈាម ធ្ងន់ធ្ងរត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យនៅឯប្រទេសថៃ ទើបតែបញ្ជូនមកផ្ទះវិញតែប៉ុណ្ណោះ ប៉ុន្តែគាត់ស្ថិតនៅក្នុងដំណាក់កាលធ្ងន់ធ្ងរដដែល ។ ចំណែកកូនស្រីដែលបាត់ខាងលើនេះ មានឈ្មោះ ស គុន្ធា អាយុ២៤ឆ្នាំ ស្នាក់នៅជាមួយគាត់ មានមុខរបរជាលក់ដូងកោសនៅក្នុងផ្សារ ហើយកន្លងមក កូនរបស់គាត់មិនធ្លាប់មានទំនាក់ទំនងជាមួយអ្នកណា ឬមានគូកំណាន់ចិត្តនោះទេ សូម្បីតែមិត្តភក្តិក៏មិនធ្លាប់ដឹងនោះទេ ទោះបីជាកន្លងមកកូនស្រីរបស់គាត់ មានគេចូលសួរចង់ដណ្តឹងធ្វើជាគូ ក៏កូនគាត់មិនព្រមនោះទេ ព្យាយាមប្រកែកមិនយក ពួកគាត់ជាម្តាយឪពុកក៏មិនដែលជំទាស់ឬហាមកូននោះទេនិយាយរួមគឺស្របតាមកូនទាំងអស់ មិនដែលនឹងធ្វើឲ្យកូនពិបាកចិត្តនោះទេ។

អ៊ំស្រីបន្តទៀតថា លុះនៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ប្រហែលជាម៉ោង៨យប់ កូនស្រីរបស់គាត់ឈ្មោះ ស គុន្ធា បានរត់ចេញពីផ្ទះ ដោយបានស្លៀកសម្លៀកបំពាក់មួយកំប្លែជាប់នឹងខ្លួន ដោយពាក់អាវយឺតស ដៃវែង ស្លៀកខោខៅប៊យពណ៌ទឹកប៊ិច និងមានលុយក្នុងខ្លួនចំនួន៦ម៉ឺនរៀល រួមនិងទូរសព្ទមួយគ្រឿងចេញមក ដោយមិនដឹងថា កូនរបស់គាត់ទៅទីណានោះទេ រហូតមកដល់ព្រឹកឡើង ថ្ងៃទី២៣ ខែកុម្ភៈ ទើបពួកគាត់ជាម្តាយឪពុកបានដឹងថាបាត់កូន ក៏នាំគ្នារកសួរគេគ្រប់ទីកន្លែងរហូតមកដល់ចំណុចបេនឡានក្រុងមួយកន្លែង មានគេប្រាប់គាត់ថា កូនរបស់គាត់បានទិញសំបុត្រឡានក្រុង ជើងយប់ ចេញមកភ្នំពេញបាត់ហើយ។ ក្រោយមកទៀតគាត់ជាម្តាយ បានព្យាយាមតេទូរសព្ទរកកូន តែពេលទូរសព្ទចូលហើយនោះ ក៏ស្រាប់តែបិទទៅវិញ ទើបពួកគាត់បានពឹងពាក់គេដែលស្គាល់គ្នា ជូនមកកាន់ក្រុមហ៊ុនទូរសព្ទដើម្បីឆែកឆេររកទីតាំង ហើយត្រូវបានគេប្រាប់ថា ចំណុចចុងក្រោយដែលហៅទូរសព្ទចូលគឺនៅម្តុំជញ្ជីងម៉ៃដា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ គាត់ក៏ព្យាយាមមកតាមរកកូនទៀត នៅតែមិនឃើញដដែល។ ដោយសារតែបារម្ភពីកូនស្រី គាត់បានទៅដាក់ពាក្យបណ្តឹង​នៅសមត្ថកិច្ចឃុំនិងស្រុកបន្ថែមទៀត តែគ្មានដំណឹងសោះ។

អស់រយៈពេលជាច្រើនខែ គាត់នៅតែមិនបោះបង់នោះទេ ដោយបានដើរសាកសួរអ្នកដែលស្គាល់កូនរបស់គាត់ តាំងពីឧត្តរមានជ័យ រហូតធ្លាក់ដល់ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ និងខេត្តបាត់ដំបង​ នៅតែគ្មានដំណឹងកូនដដែល តែដោយសារទឹកចិត្តឪពុកម្តាយចំពោះកូន ទោះបីជាប្តីកំពុងឈឺធ្ងន់ អ៊ំស្រីនៅតែបន្តកាន់រូបថតកូន២សន្លឹកដើរតាមរកគ្រប់ទីកន្លែងដើម្បីរកកូនស្រីខាងលើ។

អ៊ំស្រីបាននិយាយទាំងទឹកភ្នែក រលីងរលោងថា៖ ម្តាយមិនខឹងនឹងកូននោះទេ ម្តាយគ្រាន់តែចង់ដឹងថាកូន តើកូនរស់នៅបានសុខឬក៏អត់? នៅកន្លែង? រស់នៅបែបណាតែប៉ុណ្ណោះ? គឺសុំត្រឹមតែកូនទាក់ទងមកម៉ែ ពុក ព្រោះម៉ែ ពុក ចង់ឃើញផ្ទាល់ភ្នែកថាកូនរស់នៅកន្លែងណា តែប្រសិនជាកូនគ្មានលុយ គ្មានសោហ៊ុយជិះរថយន្តមកផ្ទះទេ ម្តាយសុខចិត្តផ្ញើលុយទៅឲ្យកូន ហើយម្តាយចង់ប្រាប់ទៅកូនថា ឪពុកឯឈឺខ្លាំង ដំណាក់កាលធ្ងន់ធ្ងរ គាត់លើសឈាមត្រូវបញ្ជូនទៅប្រទេសថៃ ទើបតែបញ្ជូនមកផ្ទះវិញតែប៉ុណ្ណោះ ដូច្នេះមកមើលពុកឯងតិចមកណា គាត់នឹង​ឯងណាស់!…។

អ៊ំស្រីបានបន្តថា ប្រសិនបើម្ចាស់ហាងណាមួយ ដែលមានកូនឈ្នួល ឬប្រជាពលរដ្ឋណាម្នាក់ ដែលបានឃើញកូនរបស់គាត់ ដែលមានភិនភាគដូចក្នុងរូបថតខាងលើ សូមធ្វើការទំនាក់ទំនងមកកាន់លេខ 0974 646 959 / 0976 853 205 ដែលជាលេខរបស់គាត់ផ្ទាល់ ដើម្បីឲ្យគាត់បានជួបកូនរបស់ពួកគាត់វិញ៕

ក្នុងនោះក៏មានការឡាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕​

https://youtu.be/HtHtgbWHpaE

មតិយោបល់