ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦នេះ បានធ្វើបឋកថា ដ៏កម្រមួយជូនដល់និស្សិតកម្ពុជា ដោយលើកបង្ហាញពីវឌ្ឍនភាព នៃកិច្ចប្រជុំអាស៊ី-អារ៉ុប (ASEM) ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ នៅសាលាតិចណូ។
បឋកថា សាធារណៈស្តីពី “វឌ្ឍនភាព នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ក្នុងរយៈពេល២ទសវត្សរ៍” នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦នេះ ក៏មានការចូលរួមពីលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា និងលោក សុក ស៊ីផាន់ណា ទៅប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និង ជាឧត្តមមន្រ្តីកម្ពុជាទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប និងរដ្ឋលេខាធិការ រួមនឹងប្រធាននាយកដ្ឋានជាច្រើនរូបទៀត។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងថា កិច្ចប្រជុំ ASEM នេះ កម្ពុជាទទួលបានផលប្រយោជន៍ជាច្រើន ហើយក៏ជាឱកាសសម្រាប់លើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិផងដែរ។ កិច្ចប្រជុំ ASEM តែងតែចូលរួមផ្តល់យោបល់ក្នុងការតាក់តែងកែសម្រួលលើឯកសារផ្លូវការ ទាំងឡាយ និងរួមចំណែករកដំណោះស្រាយ និងស្វែងរកកុងសង់ស៊ីសលើបញ្ហាប្រឈមថ្នាក់តំបន់ និងសាកល។
លោក ប្រាក់ សុខុន បន្ថែមទៀតថា កិច្ចប្រជុំ ASEM ក៏បានផ្តល់ផលប្រយោជន៍ដល់ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយបណ្តាប្រទេសសមាជិកមួយចំនួន ហើយកិច្ចប្រជុំនេះ ក៏ជាការជំរុញកិច្ចសហប្រតិបត្តិ និងការអភិវឌ្ឍវិស័យកសិកម្ម ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ កិច្ចប្រជុំ ASEM ក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សរបស់ប្រទេសនៅតាមស្ថាប័នរដ្ឋស្ថាប័នរដ្ឋសភា វិស័យឯកជន នៅកម្ពុជាតាមរយៈការរៀបចំ និងចូលរួម នៅក្នុងសន្និសីទ សិក្ខាសាលា និងការបណ្តុះបណ្តាលផ្សេងៗ។
លោក ប្រាក់ សុខុន បានសង្កត់បន្ថែមថា ការតភ្ជាប់ទាំងនេះ មានសារៈសំខាន់សម្រាប់វិបុលភាព ស្ថេរភាពក្នុងតំបន់ និងការកសាងទំនុកចិត្ត ដើម្បីដោះស្រាយរួមគ្នាបញ្ហាប្រឈមរបស់តំបន់ទាំងពីរ។
លោកទេសរដ្ឋមន្រ្តី បានបង្ហាញក្តីសង្ឃឹមបាឋកថាសាធារណៈថ្ងៃនេះ អ្នកចូលរួមជាពិសេស សាស្រ្តាចារ្យ និងសិស្ស និស្សិត នឹងបានយល់ច្បាស់លាស់អំពីអ្វីទៅជា ASEM នឹងសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាផងដែរ។
សូមបញ្ជាក់ថា បញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបបង្កើតឡើង នៅឆ្នាំ១៩៩៦ នៅក្នុងទីក្រុងបាងកក។ ASEM មានតែសមាជិកស្ថាបនិកចំនួន២៦ ក្នុងនោះ រួមមានប្រទេស ១០នៅអាស៊ី ប្រទេស ១៥នៅអឺរ៉ុប និងគណៈកម្មាធិការអឺរ៉ុប។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា ក្នុងរយៈពេល ២ទសវត្សរ៍នេះ ASEM សម្រេចបានសមិទ្ធផលជាច្រើន មានជាអាទិ៍៖
– បានបង្កើនសមាជិកភាពរបស់ខ្លួនរហូតដល់៥៣នាពេលបច្ចុប្បន្ន ក្នុងប្រទេសក្នុងតំបន់អាស៊ីចំនួន២១ ប្រទេសអឺរ៉ុប៣០ លេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុប។ លើសពីនេះ នៅមានប្រទេសជាច្រើនទៀត ជាពិសេសនៅតំបន់អឺរ៉ុប ដែលបានបង្ហាញពីចំណាប់អារម្មណ៍ចង់ចូលជាសមាជិក ASEM ផងដែរ។ ដោយសារការពង្រីកសមាជិកភាពនេះ សេដ្ឋកិច្ច ASEM គ្របដណ្តប់ជាង ៥ភាគរយ នៃ GDP សរុបរបស់ពិភពលោក និងជាង ៦០ភាគរយ នៃពាណិជ្ជកម្មពិភពលោក ព្រមទាំងមានប្រជាជនជាង ៥៨ភាគរយ នៃប្រជាជនសកល។ កត្តាទាំងអស់នេះ ឆ្លុះបង្ហាញពីភាពទាក់ទាញ និងសារៈសំខាន់ នៃ ASEM។
– បានរួមចំណែកដល់ការពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមសកលធំៗ ដូចជា៖ ការធ្វើកំណែទម្រង់អង្គការសហប្រជាជាតិ បញ្ហាអាវុធប្រល័យលោក (Weapones of mass destruction or WMD) ភេរវកម្មលំហូរជនចំណាកស្រុក ការប្រែប្រួលអាកាសធាតុ និងបញ្ហាសន្តិភាពអន្តរជាតិ។ ក្នុងនោះ ASEM គឺជាវេទិកាមួយសម្រាប់ប្រទេសសមាជិក ផ្លាស់ប្តូរ និងជំរុញសាកល្បងគំនិត ឬ គោលនយោបាយថ្មី ក្នុងរូបភាពបើកចំហ និងទូលំទូលាយក្នុងន័យស្ថាបនា លើបញ្ហាប្រឈមពិភពលោកនាពេលបច្ចុប្បន្ន។
ASEM ក៏ជាវេទិកា ដែលបំពេញបន្ថែម ឬបើនិយាយឲ្យស្រួលយល់ ASEM មិនមែនជាវេទិកាជំនួសឲ្យវេទិកាទ្វេភាគី ឬពហុភាគីផ្សេងទៀតរវាងទ្វីបអាស៊ី និងអឺរ៉ុបឡើយ។ ASEM បានជំរុញឲ្យតំបន់អឺរ៉ុប និងអាស៊ី មានទស្សនៈវិស័យកាន់តែទូលំទូលាយ និង ក៏បានផ្តោតសារៈសំ ខាន់លើការតភ្ជាប់រវាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការតភ្ជាប់ទំនាក់ទំនងប្រជាជន និង វប្បធម៌ រវាងតំបន់ទាំងពីរផងដែរ៕
មតិយោបល់